ខេត្ត កំពង់ចាម ៖ បេីយោង តាមប្រភពព័ត៌មានពី រដ្ឋបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃ សុក្រ ទី ២៤ ខែកញ្ញា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីព្រឹកមិញនេះ បានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី រួមនឹងសប្បុរសជន ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបានជួយឧបត្ថម្ភជាសម្ភារ និងបរិក្ខារពេទ្យ ចំនួន ១៥០កេសធំ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានការឆ្លងរាលដាលចូលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។ ដោយឡែកក្រុមហ៊ុនសាប៊ូ លីប៉ាយ ក៏បានចូលរួមឧបត្ថម្ភ ជាសាប៊ូលាងដៃ ចំនួន ៣កេស សាប៊ូលាងចាន និងសាប៊ូលាងបន្លែផ្លែឈើ ចំនួន ២កេស សាប៊ូម្សៅចំនួន ១០កេស ម៉ាស់ចំនួន ១កេស៕ ដោយ ៖សហការី
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម