ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២១៤ គ្រួសារ បានទទួលអំណោយពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្រោមអធិបតីភាពលោកអភិបាលខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង: រាជរដ្ឋាភិបាលបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ បានផ្តាំផ្ញើនិងយកអំណោយតាមរយ:មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្រោមអធិបតីភាពលោក ម៉ុម សារឿន អភិបាលនៃគណ:ខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន២១៤គ្រួសារ មកពី២ឃុំ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួមអមដំណើរដោយ លោកអភិបាលស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ទីរអង្គភាព ជំុវិញខេត្តជាច្រើនរូបផងដែរ ។

បើតាមការបញ្ជាក់ពីលោកស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានឲ្យដឹងថា: ប្រជាពលរដ្ឋទាំង ២១៤គ្រួសារ ដែលមកទទួលអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាពេលនេះគឺភាគច្រើន ជាស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកក្នុងឃុំ ចំនួន ២ គឺឃុំ ស្រែសំបូរ និងឃុំ ព្រែកមាស ស្ថិតនៅក្នុង ស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង ។
ដោយ ក្នុងនោះអំណោយដែលបាននាំយកទៅចែកជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបាន អំណោយរួមមាន : អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងភួយ១ ក្នុងម្នាក់ៗផងដែរ។

ក្នុងពិធីនេះផងដែរលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកអភិបាលខេត្តក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពឲ្យបាននូវ វិធានការសុខាភិបាល ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីការពារឲ្យបាននូវជំងឺរាតត្បាត ដ៏កាចសាហាវ ជំងឺកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង ក៏ដូចខេត្តស្ទឹងត្រែងកំពុងតែរងគ្រោះ នូវជំងឺនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន ក៏បានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់
ទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសបានការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍ ទាំងមូល និងបន្តការខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយរដូវរស្សា ក៏បានមកដល់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍មូលដ្ឋាន នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល និងក្នុងប្រទេសកម្ពុជាយើងផងដែរ៕ ដោយ:មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print