ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលប្រើអំពើហឹង្សាលើប្រពន្ធព្រោះតែខឹងសុំលុយ១០០០០រៀលយកទៅទិញផឹកស្រាមិនបានក៏ទាញបំពង់ទីបវាយបណ្តាលអោយរងរបួសក្រោយបង្កត្រូវសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១មេសា២០១៦។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបានអោយដឹងថាៈ បុរសដែលប្រើអំពើហឹង្សាលើប្រពន្ធនេះមានឈ្មោះ សយ ប៊ន អាយុ៣៩ឆ្នាំចំណែកប្រពន្ធ រងគ្រោះមានឈ្មោះ ញន ថន អាយុ៤០ឆ្នាំមានទីលំនៅភូមិថ្មីឃុំព្រៃវិហារស្រុកគងពិសី ខេត្តកំពង់ស្ពឺជាមួយគ្នា។
សមត្ថកិច្ចបានអោយដឹងថាៈ បុរសរូបនេះកាលពីយប់ថ្ងៃទី៣១មីនា២០១៦ បានប្រព្រឹត្តអំពើហឹង្សាលើប្រពន្ធព្រោះតែខឹងសុំលុយ១០០០០រៀលយកទៅផឹកស្រាមិនបាន។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានប្រព្រឹត្តហឹង្សាលើប្រពន្ធមែនព្រោះតែខឹងរឿងសុំលុយមិនបាន។
នៅព្រឹកថ្ងៃទី០១ មេសា ឆ្នាំ២០១៦ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនេះទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សេនាស័ក្តិ