ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក ប៊ុន សក្ដិ បានសម្រេចចិត្តចូលរោងការ ហើយនៅព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០១៦នេះ។ គេនៅមិនទាន់ដឹងអំពីប្រវត្តិស្នេហ៍រវាងលោក និងនារីដែលលោកសម្រេចចិត្តទទួលយកជាភរិយានៅឡើយទេ។
ក្រោយពីស្ងប់ស្ងាត់ក្នុងការងារសិល្បៈមួយដង្ហើមធំម្ចាស់បទ”មកភ្នំពេញនឹកកំពុងចាម” រូបនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយរូបថតរៀបការរបស់លោកត្រូវបានប្តីអ្នកនាងខាត់ សុឃីម បង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
តារាចម្រៀងរូបនេះនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ប៉ុន្តែក្រុមផលិតករនៃផលិតកម្មសាន់ដេបានបញ្ជាក់ថា លោកប៊ុន សក្តិ ពិតជារៀបការមែនហើយលោកក៏ទទួលបានលិខិតអញ្ជើញពីកូនកំឡោះដែរ។
លោកបញ្ជាក់ថា ពិធីមង្គលការនិងទទួលភ្ញៀវនឹងត្រូវធ្វើក្នុងល្ងាចថ្ងៃដដែលនេះនៅតំបន់ផ្សារពោធិចិនតុង រាជធានីភ្នំពេញ។ ដែលតាមការដឹងមានសិល្បករមិនច្រើនទេដែលលោកអញ្ជើញឲ្យចូលរួមនោះគឺមានតែអ្នកជិតដិតមួយចំនួនប៉ុណ្ណោះ៕
ដោយ៖ វឌ្ឍនា