ភ្នំពេញ៖ នៅរាត្រីថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថា ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦។
សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៦ ថ្លែងពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ, ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម លោកជំទាវលោក លោកស្រី !
ជាបឋម, ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម វ៉ុលកាន បូសគារ (Volkan Bozkir) សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការដឹកនាំការងារនៃអង្គមហាសន្និបាត អង្គការសហប្រជាជាតិលើកទី ៧៥ ។
ខ្ញុំសូមអបអរសាទរចំពោះ ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid ដែលបានជាប់ឆ្នោតជាប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើក ទី ៧៦ ។
ខ្ញុំក៏មានសេចក្តីសោមនស្ស និងសូមអបអរសាទរចំពោះ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទរ៉ស (Antonio Guterres) ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិទី២ ។
នេះជាលើកទី ០២ (ពីរ) ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបាន រៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយសារជំងឺកូវីដ-១៩ ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើន ឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩ និងការខិតខំប្រឹងប្រែងក្នុងការស្ដារកំណើនសេដ្ឋកិច្ច ឡើង វិញ គឺជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក ។ កម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្ដើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ និងមានវឌ្ឍនភាពជាលំដាប់ រួមទាំងការចាក់វ៉ាក់សាំងជូនជនបរទេស និងកុមារ និងយុវវ័យអាយុពី៦ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ ផងដែរ ។ កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៨០% (ឬស្មើនឹង ១៣ លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកា ខាងមុខនេះ ។
សូមអាននូវ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងអង្គសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដូចខាងក្រោមទាំង ស្រុង៕ ដោយ៖ សិលា