ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, កម្ពុជាពិតជាមានមោទកភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលបទ “ការពង្រឹង ពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដែលជាសារសំខាន់ ក្នុងបរិបទបច្ចុប្បន្ននេះ ។ សម្តេចតេជោ បានថ្លែងបែបនេះក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ នៅយប់មុិញ។
សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា, តាមទស្សនៈ របស់ខ្ញុំ, របៀបវារៈចម្បងនៃកិច្ចប្រជុំកំពូល … «ពហុភាគីនិយមផ្តល់អាទិភាពដល់ការរួមគ្នា (convergences)» ដែលមានជាអាទិ៍៖ ការរួមគា្នប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងសង្គម សេដ្ឋកិច្ច ឱ្យមានភាពរឹងមាំឡើងវិញ, ការរួមគ្នាប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងការកែ ទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ល។
សម្តេចថ្លែងបន្តថា, ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមមួយផ្សេងទៀត ដែលទាមទារឱ្យមានសកម្មភាព ជាសកល ដែលមានលក្ខណៈបន្ទាន់ និងច្បាស់លាស់នៅគ្រប់ស្រទាប់ ។ នៅក្នុងបរិបទនេះ កម្ពុជាសូម គាំទ្រការអំពាវនាវរបស់ លោកអគ្គលេខាធិការ ចំពោះការបង្កើនការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង បន្សំខ្លួន និងសម្រាលបន្ទុកក្នុងតំបន់ និងសូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្របតាមគោលការណ៍ «ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន»។
សម្តេចតេជោ ហ៊ុនសែន បានប្រាប់ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ថា, សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុតសម្រាប់អនាគតប្រកបដោយចីរភាព ។ កម្ពុជាសូមបញ្ជាក់ជាថ្មីអំពីជំហរដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុង ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ ។ ចាប់តាំងពីឆ្នាំ ២០០៦ មក, កម្ពុជាបានរួមចំណែកតាមរយៈការបញ្ជូនកងកម្លាំងជាង ៧.៥០០ នាក់ ដើម្បី បម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗ នៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិហើយកងកម្លាំងរបស់យើងមួយចំនួនបានធ្វើពលិកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្ម ការពារជនស្លូតត្រង់។ លើសពីនេះ កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក (AP+) របស់លោកអគ្គលេខាធិការ ។ កម្ពុជាក៏គាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពនានា ។
សម្តេចបន្តថា, ជាមួយគ្នានេះដែរ ខ្ញុំសូមសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី ២១ ទាមទារនូវអង្គការ សហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប ។ អង្គការនេះ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកប ដោយបរិយាប័ន្ន និងភាពជាតំណាង ។ ក្នុងន័យនេះ កម្ពុជាសូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះ កិច្ចខំប្រឹងប្រែងប្រកបដោយភាពបុរសកម្មរបស់លោកអគ្គលេខាធិការ ក្នុងការរៀបចំអង្គការនេះ ឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក ។ ទំនាក់ទំនងរវាងក្រុម ប្រឹក្សាសន្តិសុខ, អង្គមហាសន្និបាត និងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ក៏ត្រូវមានការ ពង្រឹងឡើងវិញផងដែរ ។ ក្នុងទិដ្ឋភាពនេះ, កម្ពុជាសូមធ្វើការបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួន ចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ កម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាង របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្ដប់ចំណែកធំបំផុតនៃប្រទេសជាសមាជិក គឺជាអាទិភាព ចម្បងបំផុត៕
ដោយ, សុខ ខេមរា