ខេត្តព្រះវិហារ៖ បេីយោងតាមការបញ្ជាក់ពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ នៅព្រឹកមិញនេះ បានឡើងលើសកម្រិតត្រូវប្រកាសអាសន្នហើយ ដោយមានកម្ពស់រហូត ១១.៨០ម៉ែត្រ ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ស្ថានភាពនេះនៅមិនទាន់ដល់កម្រិតត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនោះឡើយ លុះត្រាតែដល់កម្រិតអតិប្បមា១៣,៥០ម៉ែត្រ។
លោកប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ បានគូសបញ្ជាក់ថា កម្ពស់ទឹកដងស្ទឹងសែន គឺមានកម្ពស់រហូត១១.៨០ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាន្នត្រឹម ១១.៥០ម៉ែត្រប៉ុណ្ណោះ ដូច្នេះកម្ពស់ទឹកស្ទឹងសែនថ្ងៃនេះ ឡើងហួសកម្រិតប្រកាសអសន្នរហូត ៣តឹក។
លោក ចាប កុយ បានគូសបញ្ជាក់ទៀតថា ចំណែកស្ថានភាពទឹកនៅស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកសង្គមថ្មី គឺមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ អ្វីដែលត្រូវព្រួយបារម្ភនឹងត្រូវមានការប្រុងប្រយ័ត្ននោះ គឺប្រជាពលរដ្ឋរស់នៅតាមតំបន់ទំនាបតាមដងស្ទឹងសែន ក្នុងស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង។
ដោយឡែកបេីយោងតាមការបញ្ជាក់ពីមន្រ្តីធនធានទឹក ក៏បានឱ្យដឹងដែរថា រហូតមកដល់ថ្ងៃនេះ ទឹកស្ទឹងសែនទាំងនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ មិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ហើយថ្ងៃនេះអាកាសធាតុក៏ល្អប្រសើរផងដែរ ប៉ុន្តែក្រុមការងារនៅតែតាមដានជាប់ជាប្រចាំផងដែរ។
ជាមួយនឹងដំណឹងនេះ អាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះដទៃទៀត ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារនូវគ្រោះថ្នាក់ផ្សេងៗ និងទ្រព្យសម្បត្តិ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយសារជំនន់ទឹកភ្លៀង ដោយធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងនៅតាមដងទន្លេមេគង្គ ប្រុងប្រយ័ត្នខ្ពស់និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ៕
ដោយ៖សហការី