អាជ្ញាធរខេត្តព្រះវិហារ​៖​ កម្ពស់ទឹកស្ទឹងសែន ឡើងលើសកម្រិតប្រកាសអាសន្ន ប៉ុន្ដែមិនទាន់ដល់កម្រិតត្រូវជម្លៀសប្រជាពលរដ្ឋចេញនោះទេ

ចែករំលែក៖

ខេត្តព្រះវិហារ៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានឱ្យដឹង​នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះថា៖​ កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ នៅព្រឹកមិញនេះ បានឡើងលើសកម្រិតត្រូវប្រកាសអាសន្នហើយ ដោយមានកម្ពស់រហូត ១១.៨០ម៉ែត្រ ។ ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី ស្ថានភាពនេះនៅមិនទាន់ដល់កម្រិតត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពនោះឡើយ លុះត្រាតែដល់កម្រិតអតិប្បមា១៣,៥០ម៉ែត្រ។

លោកប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ បានគូសបញ្ជាក់ថា កម្ពស់ទឹកដងស្ទឹងសែន គឺមានកម្ពស់រហូត១១.៨០ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាន្នត្រឹម ១១.៥០ម៉ែត្រប៉ុណ្ណោះ ដូច្នេះកម្ពស់ទឹកស្ទឹងសែនថ្ងៃនេះ ឡើងហួសកម្រិតប្រកាសអសន្នរហូត ៣តឹក។

លោក ចាប កុយ​ បានគូសបញ្ជាក់ទៀត​ថា ចំណែក​ស្ថានភាពទឹកនៅស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកសង្គមថ្មី គឺមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ អ្វីដែលត្រូវព្រួយបារម្ភនឹងត្រូវមានការប្រុងប្រយ័ត្ននោះ គឺប្រជាពលរដ្ឋរស់នៅតាមតំបន់ទំនាបតាមដងស្ទឹងសែន ក្នុងស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង។

ដោយ​ឡែក​បេី​យោងតាម​ការបញ្ជាក់​ពីមន្រ្តីធនធានទឹក​ ក៏បានឱ្យដឹងដែរថា​​ រហូតមកដល់ថ្ងៃនេះ ទឹកស្ទឹងសែនទាំងនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ មិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ហើយថ្ងៃនេះអាកាសធាតុក៏ល្អប្រសើរផងដែរ ប៉ុន្តែក្រុមការងារនៅតែតាមដានជាប់ជាប្រចាំផងដែរ។

ជាមួយនឹងដំណឹងនេះ អាជ្ញាធរបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះដទៃទៀត ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារនូវគ្រោះថ្នាក់ផ្សេងៗ និងទ្រព្យសម្បត្តិ។

គួរបញ្ជាក់ថា​ រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយសារជំនន់ទឹកភ្លៀង ដោយធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន និងនៅតាមដងទន្លេមេគង្គ ប្រុងប្រយ័ត្នខ្ពស់និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ៕

ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print