ខេត្ដបាត់ដំបង ៖ តំបន់ខ្ពង់រាប និងកូន ភ្នំជាច្រើនដែលមានទីតាំងស្ថិតក្នុងស្រុកសំពៅលូនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ អាចបាត់ឈ្មោះពីក្នុងផែនទីនាពេល ដ៏ខ្លីខាងមុខ ដោយសារមានជនឱកាស និយមមួយចំនួនឆ្លៀតឱកាសចងសម្ពន្ធភាពជាប្រព័ន្ធជាមួយនឹងអង្គភាពជំនាញ ពិសេសគឺខាងអាជ្ញាធរតែម្ដងធ្វើឱ្យពួកគេអាចទាញយកផលចំណេញពីតំបន់នេះ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសំពៅលូនខេត្ដបាត់ដំបងបានលើកឡើងឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ ដែលកម្ពុជាបានធ្វើសមាហរណកម្មរួចមកគេសង្កេតឃើញថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ខាងលើមួយចំនួន និងប្រជាពលរដ្ឋដែលជាអ្នកចំណូលថ្មី បានចាប់ផ្ដើមរុករានទន្ទ្រានព្រៃដើម្បី កាប់ឆ្ការយកមកកាន់កាប់ធ្វើជាដីកម្មសិទ្ធិឯកជន។ដោយសារតែបញ្ហានេះ ហើយបានជាតំបន់ខ្ពង់រាបមួយចំនួន ដែលកាលពីដើមសុទ្ធសឹងតែជាដីរបស់ រដ្ឋបានប្រែក្លាយទៅជាមានម្ចាស់ទាំង អស់ កុំថាឡើយត្រឹមតំបន់ខ្ពង់រាប សូម្បី តែតួភ្នំក៏សឹងតែមានអ្នកចង់បានដែរ ព្រោះវាហុចផលបានច្រើនយ៉ាង ។ ប៉ុន្ដែ ដោយសារតែបច្ចុប្បន្នព្រៃឈើក្នុងតំបន់ នេះវាបានប្រែក្លាយទៅជាវាលអស់ទៅ ហើយនោះបានជាក្រុមឈ្មួញមួយចំនួន បានចាប់ផ្ដើមបង្វែរទិសដៅទៅប្រកបរបរកាយយកអាចម៍ដីលក់ទៅវិញ ហើយដី ដែលពួកគេដាក់គ្រឿងចក្រចុះទៅកាយ នោះគឺជាដីក្នុងតំបន់ជួរភ្នំតែម្ដង ។
ប្រភពដដែលបន្ដថា ប្រការដែល ក្រុមឈ្មួញរកស៊ីកាយដីលក់មានសិទ្ធិ បែបនេះគឺមុខជាមានការ ត្រូវដងត្រូវ ផ្លែគ្នាចងជាប្រព័ន្ធគ្នារវាងក្រុមឈ្មួញ នឹងអាជ្ញាធរហើយ ព្រោះបើមិនដូច្នេះទេ ម្ល៉េះគ្រឿងចក្រត្រូវអាជ្ញាធរឬក៏ខាងជំនាញចាប់យកតាំងពីថ្ងៃដំបូងមកម្ល៉េះមិនមែន បណ្ដោយឱ្យពួកគេធ្វើព្យុះធ្វើភ្លៀងតាម តែអំពើចិត្ដនោះទេ ។
ប្រភពបានបញ្ជាក់ថា បច្ចុប្បន្នតួភ្នំ មួយចំនួនដែលក្រុមឈ្មួញកំពុងបំផ្លាញសឹងតែអស់មួយចំហៀងៗទៅហើយនោះ គឺមានដូចជាភ្នំសំពៅលូនភ្នំតាស្ដា ភ្នំវាល វង់ ភ្នំត្រាវជូរ និងភ្នំគីឡូ១១ជាដើម ។ ចំណែកភ្នំវាលវង់គឺត្រូវបានក្រុមហ៊ុន ឯកជនមួយសាងសង់ជាដីឡូត៍ដើម្បីលក់ ដោយគេបានវាតទីទៅដល់ចង្កេះភ្នំតែម្ដង ដែលមើលទៅដូចជាមិនរំខានដល់សមត្ថកិច្ចជំនាញឬក៏អាជ្ញាធរបន្ដិចណាទាល់ តែសោះ ។ បើនៅតែរបៀបនេះមិនយូរ ទេក្មេងជំនាន់ក្រោយលែងបានស្គាល់ភ្នំ ទាំងនោះហើយដោយនៅសល់តែឈ្មោះ តែប៉ុណ្ណោះហើយក៏លែងមានឈ្មោះនៅក្នុងផែនទីតទៅទៀតដែរ ៕
សហការី