ខេត្ដតាកែវ ៖ លោកកៅ វគ្គសែល អភិបាលស្រុកគីរីវង់កាលពីព្រឹកថ្ងៃទី៣១ខែមីនាបាននិយាយថា ច្រករបៀងនៅក្នុង ស្រុកគីរីវង់មានច្រើនណាស់ដែលកំពុងចរាចរណ៍នាំទំនិញចេញចូលពីប្រទេស វៀតណាម ។ លោកបានបន្ដទៀតថាលោក ទទួលស្គាល់ប្រសាសន៍របស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃដែលឱ្យអាជ្ញាធរទប់ស្កាត់កុំឱ្យមានការលួចបើកច្រករបៀងតែនៅក្នុងស្រុកគីរីវង់របស់លោកច្រករបៀង មានច្រើនហើយលោកមិនអាចបិទបានទេ ទាល់តែមានបញ្ជាពីអភិបាលខេត្ដ តាកែវទើបលោកអាចបិទបាន ។
ការថ្លែងបែបនេះរបស់លោកកៅ វគ្គ សែល អភិបាលស្រុកគីរីវង់បន្ទាប់ពីមាន ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋថា ក្រុម អាជ្ញាធរស្រុកគិរីវង់លក់ច្រករបៀងមួយគឺច្រកកំណប់កែវស្ថិតនៅឃុំតាអូរ ស្រុក គីរីវង់ឱ្យទៅមេបញ្ជាការយោធាសឹករង ស្រុកគីរីវង់ឈ្មោះសេង វុធ ដើម្បីនាំចូល ទំនិញគ្មានការបង់ពន្ធពីប្រទេសវៀត ណាម ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា លោកសេង វុធ បន្ទាប់ពីទទួលបានសិទ្ធិ គ្រប់គ្រងច្រករបៀងខាងលើរួចមកគាត់សង់ឃ្លាំងដ៏ធំមួយនៅជាប់នឹងព្រំដែន ដើម្បីស្ដុកទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាមដែលគេរាយការណ៍ ថាជាទំនិញខុសច្បាប់ដោយគ្មានការ បង់ពន្ធ ។
បើយោងតាមសម្ដីប្រជាពលរដ្ឋបានឱ្យដឹងទៀតថាច្រករបៀងមួយនេះ គឺចរា ចរចេញចូលយ៉ាងសកម្មរាល់ទំនិញដែលខុសច្បាប់ហើយគេក៏មិនដឹងថាក្នុងមួយឆ្នាំៗលោក សេង វុធ បង់លុយឱ្យទៅក្រុម អាជ្ញាធរស្រុកប៉ុន្មាននោះទេហើយគេក៏មិនដឹងថាលោកសេងវុធទិញច្រកមួយ នេះក្នុងតម្លៃប៉ុន្មាននោះដែរ ។
បើតាមការបញ្ជាក់ពីលោកអភិបាលស្រុកគីរីវង់ថាច្រករបៀងខាងលើគឺគ្រប់ គ្រងដោយលោកសេង វុធ មេបញ្ជាការ យោធាសឹករងស្រុកគីរីវង់ពិតមែនចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយលោក ក៏មិនដែលបានលុយ១កាក់១សេនពី លោក សេង វុធនោះដែរ ។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោមស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបាន មានប្រសាសន៍ក្នុងការប្រកាសតែងតាំងអភិបាលខេត្ដស្វាយរៀងថា សូមឱ្យអាជ្ញា មេត្ដាបិទច្រករបៀងកុំឱ្យបាត់បង់ថវិកា រដ្ឋដើម្បីឱ្យទំនិញចេញចូលតាមច្រកអន្ដរជាតិ ៕
ជីសូរកា