ខេត្តក្រចេះៈលោក ឧត្តមសេនីយ៍ឯកទូច ណារ៉ុថ អញ្ជើញជាអធីបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារប្រតិបត្តិការប្រចាំឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ឯកទូច ណារ៉ុថ អគ្គស្នងការរងនគរ បាលជាតិនិងជាប្រធាននាយកដ្ឋានអង្គរក្ស បានដាក់ចេញនូវទិសដៅផែនការងារដែលនិងត្រូវយកទៅអនុវត្តនៅឆ្នាំបន្ត ជាច្រើនទិសដៅ ពិសេសការពង្រឹងទប់ស្កាត់នូវបទល្មើសព្រហ្មទណ្ឌ។ លោកបានលើកឡើងថា បើទោះបីជាស្ថានភាពបទល្មើសព្រហ្មទណ្ឌសម្រាប់ខេត្តក្រចេះ គឺនៅមិនទាន់កើតមានធ្ងន់ធ្ងរនៅឡើយយ៉ាងណាក្តី តែនគរបាលត្រូវបន្តការគ្រប់គ្រងសភាពការ ពិសេសការកំណត់លើមុខសញ្ញា ដើម្បីមានវិធានការបង្រ្កាបបង្ការការពារសន្តិសុខជូនពលរដ្ឋ។ បើតាមការឡើងធ្វើបទអន្តរាគមរបស់ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍លន់ សុផាត បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ ២០១៥កើតមានចំនួន៣៧លើកលើ៥០លើក មានការថយចុះ១៣ លើកស្មើរនិងជាង២៦% រាល់ករណីទាំងនេះ នគរបាលបានឃាត់ខ្លួួន ជនសង្ស័យចំនួន៤២នាក់ក្នុងនោះស្រី២នាក់។ លោកឧត្តមសេនីយ៍ស្នងការបានឲ្យដឹងទៀតថា ក្នុងពិធីសន្និបាតនេះក៏មានពិធីបំពាក់ឋានន្តរសក្កិអតីតភាព និងតែងតាំងមុខតំណែងដល់នាយ-នាយរងនគរបាលចំណុះឲ្យស្នងការដ្ឋានមានចំនួន២៨៣រូបស្រី១២រូប ចាប់ពីថ្នាក់ពល បាលឯកដល់ថ្នាក់វរសេនីយ៍ទោ៕
សុខ ខេមរា