អភិបាលរដ្ឋញូសោតវែលស៍៖​ ព្រមានប្រជាជន​នៅទីក្រុងស៊ីដនី ដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវប្រឈមមុខនឹងគ្មានសេរីភាពដូចគេឯង

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោកស្រី គ្លេឌីស ប៊ឺរេជីកលៀន (Gladys Berejkilian) អភិបាលរដ្ឋញូសោតវែលស៍ (New South Wales) របស់​ប្រទេស​អូស្រ្តាលី​ បានព្រមានថា៖ ប្រជាជននៅទីក្រុងស៊ីដនី ដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវប្រឈមមុខនឹងការរារាំងពីសកម្មភាពសង្គមផ្សេងៗ ទោះបីជាពួកគេអាចមានសេរីភាពពីបទបញ្ជាឱ្យស្នាក់នៅផ្ទះ នៅខែធ្នូខាងមុខនេះក៏ដោយ។

លោកស្រី គ្លេឌីស ប៊ឺរេជីកលៀន បានបញ្ជាក់បន្ថែមថា អ្នកដែលជ្រើសរើសមិនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចត្រូវបានហាមឃាត់មិនឱ្យចូលហាងលក់ទំនិញ ,ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា សូម្បីតែបន្ទាប់ពីរដ្ឋនេះ ដកចេញនូវវិធានការរឹតត្បិតទាំងអស់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូខាងមុខនេះក៏ដោយ។

បន្ថែមពីនេះ​ លោកស្រី អភិបាលរដ្ឋញូសោតវែលស៍ បានសង្កត់ធ្ងន់ថា៖ «អាជីវករជាច្រើនបាននិយាយថា ពួកគេនឹងមិនទទួលស្វាគមន៍ អ្នកណាដែលមិនបានទទួលការចាក់វ៉ាក់សាំងទេ។ ជីវិតសម្រាប់អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង នឹងពិបាកខ្លាំងណាស់ដោយគ្មានដែនកំណត់ឡើយ»។

សូមជម្រាបថា​ នៅក្រោមផែនទីចង្អុលផ្លូវ ដើម្បីចាកចេញពីវិធានការបិទខ្ទប់ នៅក្នុងទីក្រុងស៊ីដនី ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់ប្រទេសអូស្រ្តាលី ប្រជាជនដែលមិនបានទទួលការចាក់វ៉ាក់សាំង ត្រូវប្រឈមមុខនឹងការរារាំងមួយចំនួន នៅក្នុងសកម្មភាពសង្គមរបស់ពួកគេ ព្រោះថាសិទ្ធិសេរីភាពពេញលេញ នឹងត្រូវផ្តល់ឱ្យតែប្រជាជនណា ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ នៅចន្លោះថ្ងៃទី១១ ខែតុលា និងថ្ងៃទី០១ ខែធ្នូ​ ឆ្នាំ​២០២១ខាងមុខនេះ។

គួរបញ្ជាក់ថា​ ហាងស្រា ,ហាងកាហ្វេ ,ហាងកាត់សក់ និងកន្លែងហាត់ប្រាណ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១១ ខែតុលាខាងមុខនេះ នៅរដ្ឋ New South Wales ដែលមានទីក្រុងស៊ីដនីនៅក្នុងនោះ ហើយវិធានការរឹតត្បឹតបន្ថែមទៀត នឹងត្រូវបានបន្ធូរបន្ថយនៅពេលដែលប្រហែល ៨០ភាគរយ នៃប្រជាជនពេញវ័យសរុបរបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ដែលត្រូវបានគេរំពឹងថា នឹងសម្រចបាននៅចុងខែតុលាខាងមុខនេះ។

បច្ចុប្បន្ន​ប្រទេសអូស្រ្តាលី​ គិតត្រឹមមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១០០,៩១៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,២៥៦នាក់ និងអ្នកជាសះស្បើយ ៧៤,៧៨១នាក់ ខណៈប្រហែល ៥២ភាគរយនៃប្រជាជនសរុបជាង ២៥លាននាក់បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print