ក្រោយពីបានផ្អាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ បច្ចុប្បន្ននេះដំណើរការសិក្សារបស់សិស្សនៅក្នុងខណ្ឌព្រែកព្នៅស្ថិតក្នុងស្ថានភាពល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជា វីរៈ អភិបាលរងខណ្ឌព្រែកព្នៅ បានលើកឡើងថា បន្ទាប់ពីដំណើរការសិក្សាតាំងពីថ្ងៃទី១៧ ខែកញ្ញាមកនោះ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ នៅតាមវិទ្យាល័យ និងអនុវិទ្យាល័យនានា ក្នុងខណ្ឌព្រែកព្នៅ មកទល់ពេលនេះ បានប្រព្រឹត្តិទៅដោយរលូនពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលគឺពុំមានការផ្ទុះឡើងឬការចម្លងរាលដាលនៃជម្ងឺកូវីដ១៩ ណាមួយនោះទេ។
លោក ជាវីរៈបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ពិសេស គណៈអភិបាលរាជធានីភ្នំពេញ គឺមុននឹងចាប់ផ្ដើមដំណើរការសិក្សា យើងបានធ្វើតេស្ដសំណាក រកមេរោគកូវីដ១៩ ទៅលើអ្នកពាក់ព័ន្ធទាំងអស់ ដែលមានសិស្ស មាតាបិតាសិស្ស ប្រជាពលរដ្ឋជាអ្នកលក់ដូរ នៅតាមផ្សារក្រមួន សហគមន៍ ព្រមទាំងអ្នកមានហានីភ័យខ្ពស់ផងដែរ ដោយធ្វើឡើងចំនួន២ទីតាំង នៅក្នុងខណ្ឌព្រែកព្នៅ ១ទីតាំងប្រមាណ២ពាន់នាក់ ហើយយើងបានរកឃើញវិជ្ជមានកូវីដ១៩តិចតួចបំផុត គឺក្នុងចំណោម២ពាន់នាក់ រកឃើញវិជ្ជមានកូវីដ១៩ តែ៥ទៅ៦ករណីប៉ុណ្ណោះ។
លោកបានបន្ដថាក្នុងដំណើរការសិក្សានេះ យើងក៏បានចុះត្រួតពិនិត្យ ដោយមិនជូនដំណឹងជាមុនលើ វិទ្យាល័យសម្ដេចតេជោហ៊ុន សែន សំរោង, វិទ្យាល័យជាស៊ីម ឈូកវ៉ា និង វិទ្យាល័យបឹងប្រីយ៍ ឃើញថាមានអនាម័យ បរិស្ថានល្អ មានការរៀបចំស្អាតបាត និងបន្ទប់រៀនមានសិស្សមិនលើសពី១៥នាក់ ដោយគោរពនូវវិធានសុខាភិបាល ពាក់ម៉ាស់ មានអាល់កុលជែល និងសាប៊ូសម្រាប់លាងដៃផងដែរ។ក្នុងស្ថានភាពបែបនេះ យើងអាចវាយតម្លៃបានថានៅដំណាក់កាលទី២ឆាប់ៗនេះ យើងនឹងអាច បើកដំណើរការសិក្សា ចំពោះថ្នាក់ទី៧ទី៨ ថ្នាក់ទី១០និងទី១១ បន្ដទៀតបាន។
ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ការសិក្សាតាមប្រព័ន្ធអនឡាញ គឺមិនមានគុណភាព ដូចការសិក្សាដោយផ្ទាល់នៅក្នុងថា្នក់រៀនជាមួយគ្រូផ្ទាល់នោះឡើយ ដូចនេះហើយបានជា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោខិតខំរិះរកវិធីសាស្ដ្រ គ្រប់បែបយ៉ាងរួមទាំងចាក់វ៉ាក់សាំងឲ្យយុវជននិងកុមារយើងផង ដើម្បីបង្កលក្ខណៈឲ្យសិស្សានុសិស្សបានចូលសិក្សាក្នុងថ្នាក់ឡើងវិញ។
ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានលើកឡើងដែរថា ចំពោះការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមានវត្តចំនួន១៨ បានធ្វើសំណាករកមេរោគកូវីដ១៩ ទៅលើព្រះសង្ឃ និងអ្នកដែលស្នាក់នៅក្នុងវត្ត ដោយរកឃើញវិជ្ជមាន២អង្គ និង១នាក់ បានបញ្ជូនទៅព្យាបាលរួចហើយ និងបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ដែរ។ សម្រាប់ស្ថានភាពនៅតាម ទីអារាមមកទល់ពេលនេះមានលក្ខណៈល្អប្រសើរ ដោយប្រជាពលរដ្ឋអាចយកចង្ហាន់ប្រគេនព្រះសង្ឃបាន ដែលព្រះសង្ឃរង់ចាំទទួល និងវេរចង្ហាន់ គ្រឿងសម្ភារៈទាំងនោះនៅមាត់ទ្វាររបងវត្តតែម្ដង។ ទោះយ៉ាងណាមកទល់ពេលនេះ ព្រះសង្ឃនៅក្នុងវត្តទាំង១៨ ពុំមានវត្តណាដែលព្រះសង្ឃខ្វះខាត ចង្ហាន់នោះឡើយ៕

...

ដោយ៖  ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print