ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួង ពីរនាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ៣២ឆ្នាំរស់នៅភូមិល្អក់ ឃុំកំពង់ថ្ម
ការ ឃាត់ខ្លួនជនសង្ស័យខាងលើប្រព្រឹត្តទៅនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ដោយធ្វើឡើងតាមការចង្អុលបញ្ជាពីលោកព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្ស០៤នាក់បានដាក់កុងត្រូលជជុះជំរិតទារប្រាក់ និងប្រើអំពើហិង្សាវាយនឹងពិល ទះកំភ្លៀង អុកនឹងជង្គង់ទៅលើប្រជាពលរដ្ឋដឹកឈើ(ក្តារ )ចំនួន០៩សន្លឹកដោយគោយន្តកន្រៃ្តកាឡេថងយកមកធ្វើផ្ទះនៅតំបន់អូជ្រៅ ភូមិសាស្ត្រភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ បណ្តាលឲ្យរងរបួសធ្ងន់ដោយសារទារឲ្យបង់ប្រាក់មិនបាន។
ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះជនដៃដល់មានឈ្មោះ អ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២ឈ្មោះ កែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំ ភូមិលេខ២០ ផ្លូវ៦១៤សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទាំង២នាក់ជាមន្រ្តីនគរបាលសេដ្ឋកិច្ចក្រសួងត្រូវកសាងសំណុំរឿងបបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ។
ចំណែកជនសង្ស័យ២នាក់ទៀត ម្នាក់ជាប្រជាការពារ ម្នាក់ជាអ្នកសារព័ត៌មាន ឈ្មោះ វ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអូពកសាមគ្គី ឃុំឈើទាល ក្រោយពីធ្វើការសាកសួរដោយយល់ឃើញថា ពុំមានការពាក់ព័ន្ឋ សមត្ថកិច្ចបានអនអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ៕