រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៧យប់ កម្លាំងជំនាញផ្នែក-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូច ចំនួន០៣គ្រឿង នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនសម្តែងការមិនពេញចិត្តចំពោះក្រុមម៉ូតូធំដែលមានតម្លៃថ្លៃៗ កែច្នៃបំពង់ស៊ឺម៉ាំងលឺសំឡេងខ្លាំង បង្កការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋសម្រាកនៅក្នុងផ្ទះនាពេលរាត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ កន្លងមក កងកម្លាំងសមត្ថកិច្ចជំនាញបានចេញសេចក្ដីប្រកាសណែនាំជាច្រើនដល់ក្រុមម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងទាំងអស់ អោយដោះដូរដាក់បំពង់ស៊ឺម៉ាំងធម្មតាវិញ ប៉ុន្តែពួកគាត់ហាក់មិនស្តាប់តាមសេចក្តីណែនាំ នៅតែផ្គើនដដែលៗ ។
លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបន្តថា នៅយប់ថ្ងៃកើតហេតុ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មកដល់ចំណុចក្នុងតំបន់បឹងកក់ ក៏ប្រទះឃើញក្រុមម៉ូតូធំមួយក្រុម មានចំនួន១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូច ចំនួន០៣គ្រឿង ហើយកែច្នៃបំពង់ស៊ឺម៉ាំងឮសំឡេងកងរំពងពេញដងផ្លូវ ក៏សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌដូនពេញ ឃាត់នាំទៅកាន់អធិកាដ្ឋានខណ្ឌ ដើម្បីដកហូតទុកបណ្តោះអាសន្ន និងអោយម្ចាស់ម៉ូតូទៅយកបំពង់ស៊ឺម៉ាំងហ្ស៉ីនមកដាក់វិញ និងភ្ជាប់មកជាមួយឯកសារម៉ូតូ ទើបប្រគល់ម៉ូតូអោយវិញ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានម៉ូតូកែច្នៃបំពង់ស៊ីម៊ុំាងចូលរួមគោរពទៅតាមច្បាប់ចរាចរ និងចូលរួមកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ៕ដោយ៖ជ្រោយពេជ្រ