ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣០នាក់ នៅភោជនីយដ្ឋាន និង បារ យីហោ BATTOUN នៅអគារសម័យ សឃ្វែរ ដែលបានលួចបើកដំណើរការ ជួបជុំផឹកស៊ី ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ភោជនីយដ្ឋាន និង បារ យីហោ BATTOUN នៅអគារសម័យ សឃ្វែរ ដែលបានលួចបើកដំណើរការ ជួបជុំផឹកស៊ី ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងល្មើសនឹងវិធានការសុខាភិបាលនាំទៅកាន់អធិកាដ្ឋានខណ្ឌ។ ហេតុការចុះបង្ក្រាបនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅអគារ SAMAI SQUARE (សម័យសឃ្វែរ) ចំណុចភោជនីយដ្ឋាន និងបារ យីហោ BATTOUN ស្ថិតនៅនៅតាមបណ្តោយផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
លោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងនៅព្រឹក ថ្ងៃទី៣០ ខែកញ្ញា តាមទូរស័ព្ទថា មនុស្សប្រុសស្រីទាំង៣០នាក់ រួមមានភ្ញៀវ១៨នាក់ និងបុគ្គលិក១២ ។
លោកអធិការបន្តថា បន្ទាប់ពីសមត្ថកិច្ចយើងទទួលដំណឹងថា ភោជនីយដ្ឋាន និងបារនេះខាងលើ បានលួចបើកដំណើរការទទួលភ្ញៀវចូលជួបផឹកស៊ី ដែលល្មើសនឹងបំរាមរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងកម្លាំងអន្តរាគមន៍ខណ្ឌទួលគោក បានធ្វើការបង្ក្រាបជាក់ស្តែង ហើយក៏បានឃាត់ខ្លួនមនុសប្រុសស្រី៣០នាក់ សរុបទាំងបុគ្គលិក និងភ្ញៀវ ។
បន្ទាប់ពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៣០នាក់នោះហើយ ត្រូវបានសមត្ថកិច្ចទាក់ទងហៅក្រុមគ្រូពេទ្យ ចុះយកសំណាកធ្វើតេស្តភ្លាមៗ ជាចេញលទ្ធផលគឺអវិជ្ជមាន រួចក៏បានបញ្ជូនខ្លួនបន្តទៅកាន់អធិកាដ្ឋានខណ្ឌទួលគោក ពិន័យជាប្រាក់តាមច្បាប់កូវីដ១៩ ។
លោកអធិការខណ្ឌទួលគោកបានឲ្យដឹងថា រហូតមកដល់ព្រឹកនេះ ចំពោះមនុសប្រុសស្រី៣០នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកកំពុងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ