ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “ការស្វែងយល់ពីស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកលោក ស៊ុយ សារិទ្ធិ អភិបាលរងសាលារាធានីភ្នំពេញ និងសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការចុះបញ្ជីលេខពិសេស លេខពិសេសផ្ទាល់ខ្លួន មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។
ថ្លែងក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធី លោកស្រីរដ្ឋលេខាធិការ បានគូសបញ្ជាក់សារសំខាន់នៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដែលបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ និងបានផ្តល់ឱកាសឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការស្វែងរកវិធីធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងកំពង់ផែ មានការតភ្ជាប់ប្រទាក់ក្រឡាគ្នា ដើម្បីផ្ដល់ជូនជាសេវាដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល។
ជាមួយគ្នានេះផងដែរ ក្រសួងក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើសេវាជូនបងប្អូនប្រជាពល រដ្ឋឱ្យមានភាពរលូន និងប្រសិទ្ធភាពខ្ពស់ តាមរយៈការរៀបចំកំណែទម្រង់ជាបន្តបន្ទាប់លើផ្លាកលេខរថយន្តឱ្យមានភាពល្អប្រសើរឡើង និងជាជម្រើសបន្ថែមថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ យោងតាមអនុ សាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា៖ ធ្វើឱ្យលឿន ធ្វើឱ្យមានប្រសិទ្ធភាព។
បន្ថែមពីលើនេះ លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនផងដែរថា៖ ការបំពាក់ផ្លាកលេខរថយន្ត កន្លងមកក្រសួងសង្កេតឃើញថា៖ មានការរៀបចំជាប្រភេទលេខដែលចុះតាមលេខរៀងតំាងពីសម័យ សង្គមរាស្រ្តនិយម ប៉ុន្តែតាមការអភិវឌ្ឍសង្គម និងដោយមើលនូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅឆ្នំា២០១៧ ក្រសួងបានរៀបចំឱ្យមានការលក់លេខពិសេស ដែលអនុញ្ញាតឱ្យមានការផ្លោះស៊េរីលេខ ចុះបញ្ជី ព្រមទំាងការជ្រើសរើសលេខល្អ លេខសំណាង ហើយក្រោយមកនៅឆ្នាំ២០២០ ក្រសួងបាន រៀបចំឱ្យមានការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបន្ថែមទៀត ដែលជាគំនិតច្នៃប្រឌិតមួយថ្មី និងជាការ ផ្តល់ជម្រើសដល់អ្នកប្រើប្រាស់បន្ថែមទៀត បច្ចុប្បន្នប្រជាពលរដ្ឋមានសិទ្ធិអាចជ្រើសលេខចុះបញ្ជី ពិសេសផ្ទាល់ខ្លួនណាមួយដែលខ្លួនពេញចិត្តសម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួនបាន។
លោកស្រីរដ្ឋលេខាធិការ បានបន្ថែមទៀតថា៖ លេខចុះបញ្ជីនេះអាចដាក់ជាឈ្មោះរបស់ខ្លួន ឬអាចជាបង្គុំមានជាលេខ ឬ/និងអក្សរឡាតាំង តែមិនឱ្យលើសពី៨ខ្ទង់ និងមិនអនុញ្ញាតចំពោះការបង្គុំលេខចុះបញ្ជីណាដែលមានអត្ថន័យ ឬសូរស័ព្ទដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬឈ្មោះទីកន្លែង ប្រវត្តិសាស្រ្តឡើយ។ ការរៀបចំនេះក៏បានអនុញ្ញាតឱ្យម្ចាស់កម្មសិទ្ធិលេខចុះបញ្ជីមានសិទ្ធិរក្សាទុកលេខ ចុះបញ្ជីរបស់ខ្លួនសម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន ដែលមិនទាន់ចុះបញ្ជីមួយផ្សេងទៀតបាន ហើយយន្តការនេះជាចំណែកមួយនៃការបង្កើន និងប្រមូលចំណូលថវិការជូនរដ្ឋផងដែរ។
សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការចុះបញ្ជីលេខ ពិសេស លេខពិសេសផ្ទាល់ខ្លួន ចាប់តំាងពីការបង្កើតឱ្យមានកម្មវិធីលក់ផ្លាកលេខពិសេស និងពិសេស ផ្ទាល់ខ្លួន រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្លាកលេខពិសេសលក់បានចំនួន១៧៩.០៣៤ ផ្លាក ទទួលបានចំណូលថវិកា ១៨៦.៣១២.៦៣០.៨០០ រៀល ស្មើនឹង៤៦.៥៧៨.១៥៨ ដុល្លារ ផ្លាកលេខពិសេសផ្ទាល់ខ្លួនលក់បានចំនួន ៧៥៧៨ ផ្លាក ទទួលបានចំណូលថវិកា ៥៩.៩១២.៦០២.៧០០ រៀល ស្មើនឹង១៤.៩៧៨.១៥១ ដុល្លារ ចំណូលពីការលក់លេខចុះបញ្ជី៩ខែ ឆ្នាំ២០២១ បានចំនួនជាង៤៩ពាន់លានរៀល ធៀបនឹង៩ខែឆ្នាំ២០២០ បានចំនួន៥២ពាន់លានរៀល ថយចុះចំនួន៤,២៨%។ ថវិកាដែលបានមកពីការលក់ មួយចំណែកចូលរួមការងារសប្បុរសធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ថវិកាជាតិ និងលើកទឹកចិត្តមន្រ្តីរាជការ។
នីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខធម្មតាគឺ រថយន្តមួយអាច ចុះបញ្ជីជាមួយនឹងលេខចុះបញ្ជីបានតែមួយគត់ និងអាចប្រើប្រាស់បានរហូត។ ទាំងលេខចុះបញ្ជីពិសេស និងពិសេសផ្ទាល់ខ្លួន ម្ចាស់កម្មសិទ្ធិនៅពេលលក់រថយន្តទៅអ្នកផ្សេងអាចស្នើសុំរក្សាទុកលេខចុះបញ្ជី របស់ខ្លួនសម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មីមួយទៀតដែលមិនទាន់ចុះបញ្ជីរបស់ខ្លួនបាន ឬអាចលក់ទំាង រថយន្តនិងផ្លាកលេខទៅជាមួយគ្នាក៏បាន។
គួរកត់សម្គាល់ផងដែរថា៖ ការដាក់ឱ្យដំណើរការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ក្នុងគោលបំណងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមាន លក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែម ទៀតផង។ ម្យ៉ាងវិញទៀត នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្តដោយងាយស្រួល តាមរយៈប្រព័ន្ធស្វ័យ ប្រវត្តិកម្មនៃយុគសម័យបច្ចេកវិទ្យា។
លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែក ខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមានQR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។
ចាប់ពីថ្ងៃបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ប្រជាពល រដ្ឋកម្ពុជាទាំងអស់អាចធ្វើការជ្រើសរើសស្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់ តាមរយៈការដាក់ពាក្យស្នើ សុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត ដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនី ដែលខ្លួនមាន ឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះ ស្ថានហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបង្កលក្ខណៈងាយ ស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់៕
ដោយ៖សហការី