ភ្នំពេញ, សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១
– សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់
– សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ
ខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
– សូមក្រាបថ្វាយបង្គំព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
– សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តំណាងរដ្ឋាភិបាលនបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
– លោកយាយ លោកតា ព្រឹទ្ធាចារ្យ បងប្អូនជនរួមជាតិ ជាទីគោរពនិងជាទីស្នេហា!
ថ្ងៃនេះប្រជាជាតិកម្ពុជាមានសេចក្តីរីករាយដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារព្ធពិធី អបអរសាទរ «ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២១»។ ក្នុងនាម រាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោកក្នុងឱកាសនៃទិវា មនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ «ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុង ការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា» ដែលជាទិវាមួយសម្រាប់រំលឹក គុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការ ទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះ សុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។ ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាមនុស្ស ចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានិងស្របតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
ដោយឡែកក្នុងឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាពុំបានរៀបចំកម្មវិធីជួបជុំគ្នាដើម្បីប្រារព្ធទិវាមនុស្ស ចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឱ្យបានអធិកអធមទេ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដែលនៅបន្តរីករាលដាលយ៉ាងស្រួចស្រាល់ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យ មានការចូលរួមសហការទាំងអស់គ្នាក្នុងការទប់ស្កាត់តាមវិធានការរបស់អង្គការសុខភាពពិភពលោកនិងក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ អស់រយៈពេលជាង១ឆ្នាំមកនេះ ការរីករាលដាលជំងឺកូវីដ-១៩ រួមទាំងវីរុសកូវីដ-១៩បំប្លែងថ្មី បាននិងកំពុងរាតត្បាតយ៉ាងស្រួចស្រាល់និងជះឥទ្ធិពលមកលើសង្គម សេដ្ឋកិច្ច និង ការរស់នៅរបស់ប្រជាជនគ្រប់រូប ពិសេសជនងាយរងគ្រោះដូចជា មនុស្សវ័យចាស់ កុមារ ជនពិការ ស្ត្រី នៅតាម បណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងតំបន់ និងក្នុងប្រទេសយើង។ ក្នុងឱកាសអបអរសាទរទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានកិត្តិយសសូមសម្ដែងនូវមនោសញ្ចេតនារីករាយថ្លែងនូវសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីឆន្ទៈនិងបុព្វហេតុក្នុងការគោរពដឹងគុណមនុស្សវ័យចាស់ និងលើកកម្ពស់មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ឱ្យចូលរួមកាន់តែសកម្មដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀតមើលឃើញពីតម្លៃឥតគណនារបស់មនុស្សវ័យចាស់។ ជារួម
ប្រវត្តិសាស្ត្រនិងបទពិសោធនៃសង្គមនីមួយៗបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។ ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានគុណធម៌និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិនិងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណី ទំនៀម ទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែលសម្បូណ៌បែបនិងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះកើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកប ដោយគតិបណ្ឌិតនៃបុព្វបុរសនិងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រជាដើម។ ពិតណាស់ថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្ដែថែមទាំងធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបាន ជាវប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារនិងកសាងប្រទេសជាតិ របស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិយើង។ នៅក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផលនិងមរតកជាច្រើននោះ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើត មូលនិធិជនពិការ របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បាន អនុវត្តគោលនយោបាយស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធនិងនគរបាលត្រៀមចូលនិវត្តន៍។ រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗសម្រាប់ជួយ លើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា។ ជាក់ស្ដែង រាជរដ្ឋាភិបាលក៏បានចេញក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ផងដែរ។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕
ដោយ, សិលា