សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ; អបអរសាទរទិវាមនុស្សចាស់

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា, ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា បានរៀបចំធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ គាំពារសុខុមាលភាពមនុស្សចាស់ នៅក្នុងសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។

នៅក្នុងសង្គមខ្មែរ យើងមានវប្បធម៌ប្រពៃណីតាំងពីយូរលង់មកហើយក្នុងការគោរព ប្រណិបត្តិនិងផ្តល់តម្លៃចំពោះមនុស្សចាស់ ដែលជាមាតាបិតា សាស្រ្តាចារ្យ បុព្វការីជននៅគ្រប់មជ្ឈដ្ឋានទាំងក្នុងគ្រួសារនិងសង្គមជាតិទាំងមូល។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងបន្តថា, ទិវាមនុស្សចាស់ឆ្នាំនេះប្រារព្ធឡើងនៅចំពេលដែលប្រទេសកម្ពុជាយើងរៀបចំកំពុងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ ក្នុងគោលបំណងតបស្នងសងគុណចំពោះមាតាបិតា បុព្វការីជន ទោះអស់លោកបានទទួលមរណកាលក្តី នៅមានជន្មាយុក្តី។ បុណ្យភ្ជុំបិណ្ឌបានបង្ហាញនូវវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លានៃជាតិសាសន៍យើងក្នុងការលើកកម្ពស់ឱ្យតម្លៃដល់មនុស្សចាស់ តាំងពីដើមរៀងរហូតមក។

រដ្ឋសភាបានតាក់តែងនិងអនុម័តច្បាប់ ដែលជាបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើននៅក្នុងការគាំពារ លើកកម្ពស់គុណតម្លៃមនុស្សចាស់នៅក្នុងសង្គមជាតិ។ ដោយឡែករាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីសំខាន់នានាដើម្បីគាំពារ និងលើកកម្ពស់ដល់មនុស្សចាស់។

ក្នុងនោះ គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០ និងកម្មវិធីផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សចាស់ របស់រាជរដ្ឋាភិបាល បានដាក់ចេញដើម្បីធ្វើឱ្យប្រាកដថា សុខុមាលភាព និងតម្រូវការនានារបស់មនុស្សចាស់នឹងបានឆ្លើយតបដោះស្រាយកាន់តែល្អប្រសើរជាលំដាប់។

បន្ថែមពីនេះ ក្នុងកំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្ស ដោយបានផ្តល់ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជាអាទិភាពដល់មនុស្សចាស់ទាំងអស់។

យើងបានចាត់ទុកទិវាមនុស្សចាស់ ជាទិវាបុណ្យរំលឹកដល់គុណូបការៈចំពោះបុព្វការីជន នៅគ្រប់ជំនាន់ដែលបានកសាងនិងបន្សល់ទុកនូវកេរ្តិ៍មរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តថា, ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ ចូលរួមធ្វើបុណ្យ ដាក់ទាន ជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរា ដែលគ្មានទីពឹងឱ្យបានល្អទាំងផ្លូវកាយនិងផ្លូវចិត្ត និងចូលរួមបណ្តុះស្មារតីប្រកបដោយគុណធម៌ដ៏មានតម្លៃនេះ ដល់កូនចៅជំនាន់ក្រោយៗ ចូលរួមប្រតិបត្តិជារហូតទៅ។

ខ្ញុំសូមថ្វាយពរនិងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិគ្រប់រូប នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print