តារាចម្រៀង សែម សង្វាត បានទទួលមរណភាព ក្នុងវ័យ៤៨ឆ្នាំ ដោយសារជំងឺប្រចាំកាយច្រើនមុខ នៅម៉ោង១២និង១១នាទីរំលងអាធ្រាត្រ !

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង១២និង១១នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ តារាចម្រៀង សែម សង្វាត ដែលទស្សនិកជនខ្មែរស្គាល់ថា ជាម្ចាស់បទ «ជីវិតកម្មករឆ្លងដែន» បានទទួលមរណភាពហើយ ដោយសារតែជំងឺប្រចាំកាយជាច្រើនមុខ និងលោកប្រឈមនឹងជីវភាពខ្វះខាតផងដែរ។

បើតាមលោក សង្វាត រតនៈ ត្រូវជាកូនប្រុសច្បងរបស់តារាចម្រៀង សែម សង្វាត បានប្រាប់សារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះថា, ឪពុករបស់លោកគឺតារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពនៅយប់ ថ្ងៃទី៣០ឈានចូលថ្ងៃទី០១ ខែតុលា នៅវេលាយប់ម៉ោង១២៖១១នាទី ដោយសារជំងឺប្រចាំកាយ ក្នុងវ័យ៤៨ឆ្នាំ។

លោក សង្វាត់ រតនៈ បានបន្ថែមថា បច្ចុប្បន្នសពរបស់ឪពុកលោក កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តែយ៉ាងណា លោកនៅមិនទាន់ច្បាស់នោះទេ ថានឹងបូជានៅថ្ងៃនេះឬយ៉ាងណា ព្រោះកំពុងតែសុំច្បាប់ពីការអាជ្ញាធរ ដើម្បីប្រារព្ធពិធីបុណ្យ អោយស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការជួបជុំមានគ្នាច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម។
សូមបញ្ជាក់ថា, តារាចម្រៀង សែម សង្វាត បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺប្រចាំកាយជាច្រើនមុខ ដូចជា ជំងឺថ្លើម (ទាចទឹក), ជំងឺដំបៅក្រពះ និងរលាកពោះវៀន ជាពិសេសជំងឺថ្លើម គឺបានឈឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការទទួលមរណភាពរបស់តារាចម្រៀង សែម សង្វាត គឺបានធ្វើឲ្យមហាជនមានការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពជាបន្តបន្ទាប់ផងដែរ។
កន្លងមកសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភថវិកា “មូលនិធិសិល្បករចាស់ជរា” ជូនសិល្បករមានពិការភាព សិល្បៈ ដែលមានជីវភាពខ្វះខាត។

ពិសេសសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print