ជនវាយប្រហារគ្រាប់បែកអត្តឃាតសង្ស័យថា ជាក្រុមរបស់រដ្ឋអិស្លាម IS បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងតិច៣១នាក់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ដែលជាការវាយប្រហារមួយធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌ទីក្រុងទួរគី ទីដែលក្រុមសកម្មជនកំពុងជួបជុំគ្នារៀបចំផ្តល់ជំនួយមនុស្សធម៌ជូនពលរដ្ឋនៅជិតខាងស៊ីរី ទីក្រុង កូបាន នោះ។ ហេតុការណ៍បានកើតឡើងធ្វើឲ្យកក្រើកនៅទូទាំងមជ្ឈមណ្ឌលក្នុងទីក្រុង Suruc ដែលជាទីប្រជុំជនមួយនៅមិនឆ្ងាយប៉ុន្មានទីក្រុងកូបាន ប្រទេសស៊ីរី។ សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ថា ការវាយប្រហារគ្រាប់បែកក្នុងរថយន្តអត្តឃាតនេះធ្វើឲ្យកក្រើកញាប់ញ័របាក់បែកបង្អួចលំនៅឋានប្រជាពលរដ្ឋនៅក្បែរខាង ព្រមទាំងបង្កឲ្យមានអគ្គិភ័យឆាបឆេះថែមទៀតផង។ ជនរងគ្រោះភាគច្រើនជានិស្សិតដែលពួកគេមានគម្រោងចូលទៅក្នុងទឹកដីស៊ីរីដើម្បីជួយស្តារឡើងវិញនូវទីក្រុងកាបាន បន្ទាប់ពីត្រូវក្រុមរដ្ឋអិស្លាមគ្រប់គ្រងអស់រយៈពេលជាច្រើនខែ មុនពេលកងកម្លាំងជនជាតិឃើដដណ្តើមបានមកវិញកាលពីខែមករា ឆ្នាំ២០១៥។ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលកំពុងធ្វើទស្សនកិច្ចទៅកាន់ភាគខាងជើងតំបន់ Cyprus នោះបានថ្កោលទោសការវាយប្រហារនេះ។ លោកបានចាត់ទុកថា ជាការសកម្មភាពភេរវកម្មសំដៅមកលើពលរដ្ឋទួរគី ។ លោកថ្កោលទោសទង្វើនេះទោះជាវាកើតមកពីប្រភពណាក៏ដោយ ។ បណ្តាញទូរទស្សន៍ក្នុងស្រុកបានផ្សព្វផ្សាយឲ្យឃើញថា ជនរងគ្រោះជាច្រើននាក់បានលាតសន្ធឹងពាសពេញនៅលើដី ជោគជាំដោយឈាមក្រហមច្អៅ ។ រថយន្តសាមុយបានរួសរាន់ចេញចូលទៅកាន់កន្លែងកើតហេតុដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ទីភ្នាក់ងារព័ត៌មាន AFP បានថតយករូបភាពសាកសពជនរងគ្រោះច្រើននាក់ត្រូវគេរុំក្រណាត់ ហើយដាក់តំរៀបជួរនៅក្នុងសួនច្បារមួយកន្លែង។ លោក Ahmet Davutoglu នាយករដ្ឋមន្ត្រីទួរគីបានគូសបញ្ជាក់ថា នេះជាទង្វើភេរវកម្មរបស់ក្រុមរដ្ឋអិស្លាម។ ការស្រាវជ្រាវដំបូងរកឃើញភស្តុតាងនាំឲ្យយើងសង្ស័យថា ជាសកម្មភាពរបស់ក្រុម Daesh ។ ប្រសិនភស្តុតាងជាក់ស្តែងថាជាក្រុមនេះវាយប្រហារមែននោះ វាជាលើកដំបូងហើយដែលក្រុមរដ្ឋអិស្លាមវាយប្រហារប្រឆាំងនៅក្នុងទឹកដីទួរគី ដែលជាប្រទេសមហាអំណាចយោធានៅក្នុងតំបន់ និងជាសមាជិករបស់អង្គការណាតូនោះ។ ពលរដ្ឋនៅក្នុងតំបន់ម្នាក់និយាយថា ពិតជាមានសភាពចលាចលខ្លាំងណាស់នៅក្នុងទីប្រជុំជននោះ៕