ខេត្តព្រះសីហនុ ៖ រថយន្តកុងតឺណ័របានបន្តក្រឡាប់ជាបន្តបន្ទាប់គ្នាកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាម៉ោង០០និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា រថយន្តកុងតឺណ័រ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-0733 បានបើកក្រឡាប់ដោយសារតែផ្លូវរអិលស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៧៦ និងលេខ១៧៧ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពបន្តទៀតថា លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ស្ថិតនៅចំណុចខាងលើនេះចម្ងាយប្រហែល៨០ម៉ែត្រ ស្រាប់តែមានរថយន្តកុងតឺណ័រ១គ្រឿងទៀតរបស់ក្រុមហ៊ុនសុខកន ពាក់ស្លាកលេខ ព្រះសីហនុ 3A-2220 បានក្រឡាប់ដែរ ហើយក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ ករណីខាងលើនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬរងរបួសនោះឡើយ ៕ ឆ្លាម សមុទ្រ