វាយប្រហារគ្រាប់បែកអត្តឃាតនៅទួរគីស្លាប់៣១នាក់ គេទម្លាក់កំហុសទៅលើក្រុមរដ្ឋអិស្លាម

ចែករំលែក៖

ជនវាយប្រហារគ្រាប់បែកអត្តឃាតសង្ស័យថា​ ជាក្រុម​របស់រដ្ឋអិស្លាម IS បានធ្វើសកម្មភាពបំផ្ទុះ​គ្រាប់បែក​អត្តឃាតសម្លាប់មនុស្ស​យ៉ាងតិច៣១នាក់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ដែលជាការ​វាយប្រហារ​មួយ​ធ្វើឡើង​នៅមជ្ឈមណ្ឌលវប្បធម៌​ទីក្រុងទួរគី​ ទីដែល​ក្រុមសកម្មជន​កំពុងជួបជុំគ្នា​រៀបចំ​ផ្តល់ជំនួយមនុស្ស​ធម៌​ជូនពលរដ្ឋនៅជិតខាងស៊ីរី ទីក្រុង កូបាន នោះ។ ហេតុការណ៍បានកើតឡើង​ធ្វើឲ្យកក្រើក​នៅទូទាំងមជ្ឈមណ្ឌល​ក្នុងទីក្រុង Suruc ដែលជាទីប្រជុំជន​មួយនៅ​មិន​ឆ្ងាយប៉ុន្មានទីក្រុងកូបាន ប្រទេសស៊ីរី​។ សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក​បានបញ្ជាក់ថា ការវាយប្រហារ​គ្រាប់បែកក្នុងរថយន្តអត្តឃាតនេះធ្វើឲ្យកក្រើក​ញាប់ញ័របាក់បែក​បង្អួចលំនៅឋានប្រជាពលរដ្ឋនៅក្បែរខាង ព្រមទាំងបង្កឲ្យមានអគ្គិភ័យឆាបឆេះថែមទៀតផង។ ជនរងគ្រោះភាគច្រើន​ជានិស្សិតដែលពួកគេ​មានគម្រោង​ចូលទៅក្នុងទឹកដីស៊ីរីដើម្បីជួយស្តារឡើងវិញនូវទីក្រុងកាបាន បន្ទាប់ពីត្រូវក្រុមរដ្ឋអិស្លាម​គ្រប់គ្រង​អស់រយៈពេល​ជាច្រើនខែ មុនពេលកងកម្លាំងជនជាតិឃើដដណ្តើមបានមកវិញកាលពីខែមករា ឆ្នាំ២០១៥។ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលកំពុងធ្វើទស្សនកិច្ចទៅកាន់ភាគខាងជើងតំបន់ Cyprus នោះបានថ្កោលទោស​ការវាយប្រហារនេះ។ លោកបានចាត់ទុកថា ជាការសកម្មភាពភេរវកម្ម​សំដៅ​មកលើពលរដ្ឋទួរគី ។ លោកថ្កោលទោសទង្វើនេះ​ទោះជាវាកើតមកពីប្រភពណាក៏ដោយ ។ បណ្តាញទូរទស្សន៍ក្នុងស្រុក​បានផ្សព្វផ្សាយឲ្យឃើញថា ជនរងគ្រោះជាច្រើននាក់​បានលាតសន្ធឹង​ពាសពេញ​នៅលើដី ជោគជាំដោយឈាមក្រហមច្អៅ ។ រថយន្តសាមុយ​បានរួសរាន់ចេញចូល​ទៅកាន់​កន្លែង​កើតហេតុដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ទីភ្នាក់ងារព័ត៌មាន AFP បានថតយករូប​ភាពសាកសពជនរងគ្រោះច្រើននាក់​ត្រូវគេរុំក្រណាត់ ហើយដាក់តំរៀបជួរនៅក្នុងសួនច្បារមួយកន្លែង។ លោក Ahmet Davutoglu នាយករដ្ឋមន្ត្រី​ទួរគី​បានគូសបញ្ជាក់ថា នេះជាទង្វើភេរវកម្មរបស់ក្រុមរដ្ឋអិស្លាម។ ​ការស្រាវជ្រាវដំបូង​រកឃើញភស្តុតាងនាំឲ្យយើងសង្ស័យថា ជាសកម្មភាពរបស់ក្រុម Daesh ។ ប្រសិន​​ភស្តុ​តាង​ជាក់ស្តែងថាជាក្រុម​នេះវាយប្រហារមែននោះ វាជាលើកដំបូង​ហើយដែល​ក្រុមរដ្ឋអិស្លាម​វាយប្រហារ​ប្រឆាំង​នៅក្នុងទឹកដីទួរគី ដែលជាប្រទេសមហាអំណាចយោធា​នៅក្នុងតំបន់ និងជាសមាជិករបស់អង្គការ​ណាតូនោះ។ ពលរដ្ឋនៅក្នុងតំបន់ម្នាក់និយាយថា ពិតជាមានសភាពចលាចលខ្លាំងណាស់នៅក្នុង​ទីប្រជុំជន​នោះ៕

turkey-attack

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print