បើតាមការបញ្ជាក់ពីអាជ្ញាធរឥណ្ឌូនេស៊ី បាននិយាយថា មានករណីគ្រោះបាក់ដីនៅកោះស៊ូម៉ាត្រា របស់ខ្លួនដែលបង្កឡើងដោយព្យុះភ្លៀងខ្លាំង កាលពីថ្ងៃសុក្រទី០១ ខែតុលា ឆ្នាំ២០២១ បណ្ដាលឱ្យមនុស្ស ៧នាក់បានស្លាប់។ មិនតែប៉ុណ្ណោះ អាជ្ញាធរឥណ្ឌូនេស៊ី បានព្រមានថា៖ ភ្លៀងដែលកំពុងបន្តធ្លាក់ខ្លាំងនៅតំបន់នោះនឹងបន្តរហូតដល់ថ្ងៃសៅរ៍នេះ ហើយអាចបណ្តាលឱ្យដីមានចលនាបំលាស់ទីបន្ថែមទៀត ដូច្នេះប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់។
សូមជម្រាបថា មួយថ្ងៃបន្ទាប់ពីការរអិលបាក់ដី បានវាយប្រហារផ្ទះពីរដែលនៅជាប់គ្នានៅក្នុងស្រុកផាដាងផារៀម៉ាន់ កាលពីថ្ងៃពុធសប្ដាហ៍នេះ សាកសពចំនួន ៧នាក់ត្រូវបានទាញចេញពីភក់ខណៈមនុស្សម្នាក់ទៀតត្រូវបានជួយសង្គ្រោះទាំងមានជីវិតដោយរបួសបាក់ឆ្អឹង។ ចំណែកផ្ទះជាង ៣០០ខ្នង និងវាលស្រែ ៨០ ហិកតានៅស្រុកផាដាងផារៀម៉ាន់បានលិចលង់។
បេីតាមលោក រូ ម៉ៃនួ មន្ត្រីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងស្រុក បាននិយាយថា”ជនរងគ្រោះទាំងអស់ត្រូវបានរកឃើញបន្ទាប់ពីយើងអាចប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាលពីរសៀលម្សិលមិញនេះ”។
ដោយឡែកជុំវិញករណីនេះដែរ លោក អាប់ឌុល មូហារី អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រម្សិលមិញនេះថា៖”សូមប្រយ័ត្នចំពោះគ្រោះថ្នាក់នៃបំលាស់ទីរបស់ដីដែលបង្កឡើងដោយទឹកភ្លៀង”៕ ដោយ៖ស តារា