ឧត្តមសេនីយ៍ Mamady Doumbouyaបន្ទាប់ពីបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់លោក Alpha Conde ចេញពីតំណែងប្រធានាធិបតីហ្គីណេ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរបស់ហ្គីណេ។
លោកឧត្តមសេនីយ៍ Doumbouya ដែលមានវ័យ៤១ឆ្នាំ និងធ្លាប់ធ្វើជាទាហានបារាំង បានក្លាយជាមេដឹកនាំវ័យក្មេងជាងគេទីពីរនៅទ្វីបអាហ្វ្រិក បន្ទាប់មេដឹកនាំម៉ាលី លោក Assimi Goita អាយុ៣៨ឆ្នាំ ដែលបានឡើងកាន់អំណាចដោយសាររដ្ឋប្រហារយោធាដូចគ្នា។
សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅនេះ លោកឧត្តមសេនីយ៍ Doumbouya គឺជាមេខ្លោងដឹកនាំរដ្ឋប្រហារ ដែលឈានទៅចាប់ប្រធានាធិបតី Alpha Conde ឃុំឃាំង។ បន្ទាប់មកលោក បានផ្អាករៀបចំបោះឆ្នោត ហើយសន្យាស្តារប្រទេសឡើងវិញ ដោយពង្រឹងរដ្ឋបាលសាធារណៈ ក៏ដូចជាការលុបបំបាត់ភាពក្រីក្រ និងពុករលួយ។
ដោយឡែកបេីយោងតាមការផ្សាយរបស់ France 24 បាននិយាយថា ក្រៅពីការសន្យាដឹកនាំប្រទេសឱ្យរីកចម្រើន លោកមិនបានបញ្ជាក់ពីពេលវេលាពិតប្រាកដដែលលោកត្រូវឈប់ពីតំណែងប្រធានាធិបតីបណ្តោះអាសន្ននោះឡើយ។ លោក Doumbouya បានរៀបការជាមួយស្ត្រីបារាំងម្នាក់ ដែលបច្ចុប្បន្នក៏កំពុងបម្រើការនៅកងរាជអាវុធហត្ថជាតិបារាំងផងដែរ។ ដោយលោក និងភរិយាមានកូន៣នាក់។
គួរបញ្ជាក់ថា បើទោះបីជាយ៉ាងណាក៏ដោយ បណ្តាអង្គការតំបន់នៅទ្វីបអាហ្វ្រិក នៅតែថ្កោលទោសចំពោះសកម្មភាពរដ្ឋប្រហារនៅហ្គីណេ ហើយលោក Doumbouya ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់ហ្គីណេ២៥រូប ដែលសហភាពអឺរ៉ុបព្រមានដាក់ទណ្ឌកម្មពីបទរំលោភសិទ្ធិមនុស្សផងដែរ៕
ដោយ៖ស តារា