ឆ្លងចរន្តអគ្គិសនីក្លាយជាអគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋអស់២ខ្នង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅ១រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិត្រពាំងសារ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំធម្មតាអរបានឲ្យដឹងថាផ្ទះដែលរងដោយអគ្គិភ័យបំផ្លាញនេះទី១ ម្ចាស់ឈ្មោះ យ៉ាន់ ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ ផ្ទះខ្ពស់ទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តារ ឆេះអស់ទាំងស្រុង ព្រមទាំង ខូចខាតទ្រព្យសម្បត្តិដូចជា កង្ហា១គ្រឿង គ្រែ២ ពូក២ កុំព្យូទ័រ១គ្រឿង និងទូរកញ្ចក់១។ បន្ទាប់មកភ្លើងបានបន្តឆាបឆេះរាលដាលដល់ផ្ទះទី២ ម្ចាស់មានឈ្មោះ ញៀន ប្រុស អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះ នុត សុខន អាយុ៤៨ឆ្នាំ ផ្ទះខ្ពស់ទំហំ៦ម៉ែត្រគុណ៨ ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តារ រៀបបេតុងខាងក្រោម ឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិរួមមាន កង្ហា៥គ្រឿង គ្រែដេក២ ពូក៣ ទូខោអាវ១ អង្ករ៥០គីឡូ ស្រូវ៥០០គីឡូ មាសទម្ងន់ ៥ជី និងលុយចំនួន២,៥០០$។

ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះទី១ តែករណីខាងលើមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។ ចំណែកមន្រ្តីនគរបាលស្រុកបានឲ្យដឹងថាករណីនេះក្រុមនគរបាលពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៣គ្រឿង ក្នុងនោះមានរថយន្ដស្រុកសំរោងទង១គ្រឿង និងរថយន្ដខេត្ត២គ្រឿង ទើបភ្លើងរលត់ជាស្ថាពរ ៕

  

...

ដោយ ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print