អន្តរជាតិ៖ បើតាមការប្រកាសរបស់អង្គការសហប្រជាជាតិ(អ.ស.ប) កាលពីថ្ងៃសៅរ៍ទី០២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ទាហានថែរក្សាសន្តិភាពម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសក្នុងបេសកម្មនៅពេលគ្រឿងផ្ទុះមួយបានផ្ទះឡើងក្បែរព្រំដែនម៉ាលី ជាប់នឹងប្រទេសអាល់ហ្សេរី។
បេីតាមការបញ្ជាក់ពី អែល-ហ្កាសស៊ីម វ៉ាណេ ប្រមុខបេសកកម្មថែរក្សាសន្តិភាព នៅប្រទេសម៉ាលីហៅថា MINUSMA បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា៖ «ម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់ក្រោយក្រុមរបស់យើងមួយបើកជាន់គ្រាប់បែកនៅជិតតំបន់តេសសាលីត» ជាប់ព្រំដែនអាល់ហ្សេរី។
ប្រមុខ Minusma បាននិយាយបន្ថែមថា៖«ឧបទ្ទវហេតុនេះជាការរំលឹកដ៏ក្រៀមក្រំមួយអំពីគ្រោះថ្នាក់ជាប់ជាប្រចាំលើកងកម្លាំងថែរក្សាសន្តិភាពរបស់យើងនិងការបូជាសំរាប់សន្តិភាពនៅម៉ាលី។ ចំពោះការវាយប្រហារដ៏កំសាកនៅថ្ងៃនេះ គ្រាន់តែជួយពង្រឹងការប្តេជ្ញាចិត្តរបស់ Minusma ដើម្បីគាំទ្រម៉ាលីនិងប្រជាជននៃប្រទេសនេះក្នុងការស្វែងរកសន្តិភាពនិងស្ថិរភាព»។
សូមជម្រាបថា ទាហានថែរក្សាសន្តិភាពជនជាតិឆាត៤នាក់ ក្នុងMINUSMA កាលពីខែមេសាកន្លងទៅ បានស្លាប់ក្នុងការវាយប្រហារមួយលើជំរំរបស់គេនៅម៉ាលីភាគឦសានផងដែរ។
គួរបញ្ជាក់ថា បេសកកម្មអង្គការសហប្រជាជាតិ បានដាក់ពង្រាយទាហានជាង១៣.០០០នាក់នៅម៉ាលី ដើម្បីទប់ស្កាត់អំពើហិង្សារបស់ក្រុមប្រដាប់អាវុធនៅភាគខាងជើងនិងកណ្តាលប្រទេសអាហ្វ្រិកមួយនេះ។ ដោយឡែកចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ពួកគេ២៥៥នាក់បានស្លាប់ដែលធ្វើអោយវាក្លាយជាបេសកកម្មបូជាជីវិតទាហានថែរក្សាសន្តិភាពអ.ស .បច្រើនបំផុតមួយក្នុងចំណោមបេសកកម្មស្រដៀងៗគ្នានេះ។
មិនតែប៉ុណ្ណោះពួកយុទ្ធជន ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាម បានបង្កើនសកម្មភាពរបស់គេនៅតំបន់សាហែលរបស់អាហ្វ្រិកនៅប៉ុន្មានឆ្នាំមកនេះ ដោយបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនផងដែរ៕ដោយ៖ស តារា