ភ្នំពេញ, សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀង ! នេះបើយោងតាមសេចក្តីជូនដំណឹង
ស្តីពី ស្ថានភាពទឹកស្ទឹងសែន នៅថ្ងៃអាទិត្យ ១២ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១
ក្រសួង ធនធានទឹក និង ឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប ថា ៖ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ហើយបន្តទៅមុខទៀតនឹងទទួលឥទ្ធិពលផ្សេងៗថែមទៀត ។ ស្ថានភាពបែបនេះ ធ្វើឲ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ នៅ តំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀង ហើយទឹកនេះ នឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ។
យោងតាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រតាមដងស្ទឹងសែន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១ ឃើញថា ៖
– នៅស្ថានីយស្ពានដូនម៉ា-ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់ ១៣,៥៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,៣៤ ម៉ែត្រ ។
– នៅស្ថានីយសណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៨,២៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិល មិញ ០,១០ ម៉ែត្រ ។
– នៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ ម៉ែត្រ ទឹកនៅនឹង ។
យោងលើស្ថានភាពកម្ពស់ទឹក ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ, សុខ ខេមរា