ករណីផ្ទុះគ្រាប់នៅប្រទេសម៉ាលី​ បា​នសម្លាប់ទាហាន​ថែរក្សា​សន្តិភាព​(​អ​.​ស​.​ប​)​ ម្នាក់​ស្លាប់​ និងរបួស៣នាក់

ចែករំលែក៖

អន្តរជាតិ​​​៖ បើ​តាម​ការប្រកាស​របស់អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) កាលពីថ្ងៃសៅរ៍ទី០២​ ខែតុលា​ ឆ្នាំ​២០២១​ បានឱ្យដឹងថា​​ ទាហាន​ថែរក្សា​សន្តិភាព​ម្នាក់​​ស្លាប់​ ​និង​៣​នាក់​ទៀត​​រងរបួសក្នុងបេសកម្ម​នៅពេល​គ្រឿងផ្ទុះ​មួយ​បាន​ផ្ទះ​ឡើងក្បែរ​ព្រំដែន​ម៉ាលី​ ជាប់​នឹង​ប្រទេស​អាល់​ហ្សេ​រី​។​

​បេី​តាមការបញ្ជាក់ពី​ ​អែល​-​ហ្កាស​ស៊ីម វ៉ាណេ ប្រមុខបេសកកម្ម​ថែរក្សា​សន្តិភាព​ នៅ​ប្រទេស​ម៉ាលី​ហៅថា​ MINUSMA​ បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ម្សិលមិញនេះថា៖ «​ម្នាក់​ស្លាប់​ ​និង​៣​នាក់​រងរបួស​ធ្ងន់​ក្រោយ​ក្រុម​របស់​យើង​មួយ​បើ​កជាន់​គ្រាប់បែក​នៅ​ជិត​តំបន់​​តេស​សាលី​ត​» ជាប់​ព្រំដែន​អាល់​ហ្សេ​រី​។​

​ប្រមុខ Minusma​ ​បាន​និយាយបន្ថែមថា៖​«​ឧបទ្ទវហេតុ​នេះ​ជា​ការ​រំលឹក​ដ៏​ក្រៀមក្រំ​មួយ​អំពី​គ្រោះថ្នាក់​ជាប់​ជា​ប្រចាំ​លើ​កងកម្លាំង​ថែរក្សា​សន្តិភាព​របស់​យើង​និង​ការបូជា​​សំរាប់​សន្តិភាព​នៅ​ម៉ាលី​។​ ចំពោះ​​ការវាយប្រហារ​ដ៏​កំសាក​នៅថ្ងៃនេះ គ្រាន់តែ​ជួយ​ពង្រឹង​ការប្តេជ្ញា​ចិត្ត​របស់ Minusma​ ​ដើម្បី​គាំទ្រ​ម៉ាលី​និង​ប្រជាជន​នៃ​ប្រទេស​នេះ​ក្នុង​ការស្វែងរក​សន្តិភាព​និង​​ស្ថិរភាព​»​។​

​សូមជម្រាបថា​ ទាហាន​ថែរក្សា​សន្តិភាព​ជនជាតិ​ឆាត​៤​នាក់​ ក្នុង​MINUSMA​ កាលពី​ខែ​មេសាកន្លងទៅ​ បាន​ស្លាប់​ក្នុង​ការវាយប្រហារ​មួយ​លើ​ជំរំ​របស់គេ​នៅ​ម៉ាលី​ភាគ​ឦសានផងដែរ​។​

​គួរបញ្ជាក់ថា​ បេសកកម្ម​អង្គការសហប្រជាជាតិ​ បាន​ដាក់ពង្រាយ​ទាហាន​ជាង​១៣.០០០​នាក់​នៅ​ម៉ាលី​ ដើម្បី​ទប់ស្កាត់​អំពើហិង្សា​របស់​ក្រុម​ប្រដាប់អាវុធ​នៅ​ភាគ​ខាងជើង​និង​កណ្តាល​ប្រទេស​អាហ្វ្រិក​មួយ​នេះ​។​​ ដោយ​ឡែក​ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​ ពួកគេ​២៥៥​នាក់​បាន​ស្លាប់​ដែល​ធ្វើអោយ​វា​ក្លាយជា​បេសកកម្ម​បូជាជីវិត​ទាហាន​ថែរក្សា​សន្តិភាព​អ​.​ស​ .​ប​ច្រើន​បំផុត​មួយ​ក្នុងចំណោម​បេសកកម្ម​ស្រដៀងៗ​គ្នា​នេះ​។​

មិនតែប៉ុណ្ណោះ​ពួក​យុទ្ធជន ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​បង្កើន​សកម្មភាព​របស់​គេ​នៅ​តំបន់​សា​ហែល​របស់​អាហ្វ្រិក​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយ​បាន​បង្ខំ​ឱ្យ​​មនុស្ស​​រាប់ពាន់​នាក់​ភៀសខ្លួនផងដែរ​៕ដោយ​៖ស​ តារា

...


រូបថត៖UN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print