ខេត្តតាកែវ÷ ដើម្បីបង្ការទប់ស្កាត់បទល្មើសដំណាំកញ្ឆាខុសច្បាប់ឲ្យដូចភ្លៀងរលឹម និងជាពិសេសដើម្បីអនុវត្តន៍ឲ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលលួចដាំខុសច្បាប់បានចំនួន០៤ទីតាំង ។ក្នុងនោះដែរអាងស្តកទឹកចំនួន០៤អាង នៅចំណុចដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលស្តកទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាលើផ្ទៃដីដាំដុះប្រមាណ ៤៣៧ម៉ែត្រការ៉ ក៏ត្រូវកម្ទេចនិងដកដុតចោលរាប់ពាន់ដើមទាំងស្រុងដែរ។
សមត្ថកិច្ចដែលចុះទៅបំផ្លាញដំណាំកញ្ឆានៅ៤ទីតាំងខាងលើបាននិយាយថាកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខុសច្បាប់ខាងលើ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ÷ប្រាថ្នា