ខេត្តបន្ទាយមានជ័យៈ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី០១ខែតុលាឆ្នាំ២០២១កន្លងទៅ នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
នគរបាលរដ្ឋបាលឃុំប៉ោយចារ បានឱ្យដឹងថា ផ្ទះដែលត្រូវបានព្រះអគ្គីឆាបឆេះនោះ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ មានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រ មានម្ចាស់ឈ្មោះវី សាវ៉ៃ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
ប្រភពដដែលបានបញ្ជាក់ថា ម្ចាស់ផ្ទះគាត់ជាអ្នកមានគ្រូកាន់។ មុនពេលកើតហេតុគាត់បានអុជទៀន ធូប ថ្វាយគ្រូនៅលើអាសនៈដែលបានរៀបចំនៅលើផ្ទះ រួចហើយមិនបាននៅមើលទៀនធូបដែលគាត់អុជថ្វាយគ្រូនោះទែ គឺគាត់ដើរចុះទៅអង្គុយលេងនៅផ្ទះអ្នកជិតខាង ពេលនោះភ្លើងទៀន ភ្លើងធូបក៏បានឆាបឆេះបង្កឲ្យឆេះរាលពេញផ្ទះតែម្តង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលអធិការដ្ឋាន បានយករថយន្តពន្លត់អគ្គិភ័យរួមជាមួយនឹងប្រជាពលរដ្ឋនៅក្បែរខាងជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ទឹក២រថយន្តទើបរលត់អស់ទាំងស្រុង ។ ចំណែកការខូចខាតវិញគឺផ្ទះឆេះអស់ប្រហែល២០% និងសម្លៀកបំពាក់ឆេះអស់ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ ដោយវណ្ណា