ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីរដ្ឋបាលខណ្ឌដូនពេញបានឱ្យដឹងថា កម្លាំងប្រជាការពារខណ្ឌដូនពេញបានឃាត់ខ្លួនចោរឆក់២នាក់ភ្លាមៗ ខណៈពួកគេធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីស្ត្រីម្នាក់នៅតាមផ្លូវសាធារណៈទាំងព្រឹកព្រលឹម។
ប្រភពដដែលបន្តថា ករណីខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ។ មុនពេលកេីតហេតុ គេឃើញស្រ្តីរងគ្រោះជិះម៉ូតូម្នាក់ឯងតាមដងផ្លូវលេខ១៣ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែភ្លាមនោះគេឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZOOMER.X ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខពោធិ៍សាត់ 1E-5418 មកធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីស្ត្រីរូបនោះ តែមិនបានសម្រេចធ្វេីឱ្យជនរងគ្រោះដួលម៉ូតូបង្កការភ្ញាក់ផ្អើលដល់ប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះធ្វើអន្តរាគមន៍ដេញតាមចាប់ជនសង្ស័យពីក្រោយ។ លុះមកដល់រង្វង់មូលវត្តភ្នំ ជនសង្ស័យបានជិះម៉ូតូជ្រុលទៅបុករបងដែកព័ទ្ធជុំវិញ រមណីយដ្ឋានវត្តភ្នំបណ្ដាលឱ្យដួល ហេីយសមត្ថកិច្ចជំនាញ និងប្រជាការពារបានចាប់ក្របួចជាប់តែម្តង។
ក្រោយពេលឃាត់ខ្លួនភ្លាមជនសង្ស័យទាំង២នាក់នេះ គេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះកម្លាំងប្រជាការពារខណ្ឌ បានប្រគល់ទៅឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី២ យកទៅសាកសួរដើម្បីបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការទៅតាមនីតិវិធី៕
ដោយ៖អរុណរះ