ខេត្តបន្ទាយមានជ័យ៖ យោងតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឱ្យដឹងថាយ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ដែរបានលង់ទឹកជំនន់ស្លាប់នៅទីតាំងដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ គឺករណីទី១ នៅស្រុកមង្គលបុរី, ករណីទី២នៅក្រុងប៉ោយប៉ែត និងករណីទី៣នៅស្រុកភ្នំស្រុក ។
ករណីទី១ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំតូច ស្រុកមង្គលបុរី បានឱ្យដឹងថា នៅវេលាម៉ោង៤និង២៤នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ក្រុមក្មេងរងគ្រោះ បាននាំគ្នាទៅលេងទឹកប្រឡាយដែលមានជម្រៅជ្រៅ នៅខាងកើតភូមិ បណ្តាលឲ្យលង់ស្លាប់ក្មេងស្រី១នាក់ ឈ្មោះ ធា ស្រីលិ អាយុ១១ឆ្នាំ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ករណីទី២ នគរបាលប៉ុស្តិ៍សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣ ខែតុលានេះ មានបុរសម្នាក់ឈ្មោះ សុន សាវុធ អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ បានបើកទូកទៅនេសាទត្រី នៅក្នុងតំបន់បឹងអូរខៃដន ជាមួយនឹងកូនប្រុសម្នាក់អាយុ១៣ឆ្នាំ។ ខណៈ នោះ ជនរងគ្រោះបើកទូកជ្រុលទៅបុកច្រាំង បណ្តាលឲ្យបុរសជាឪពុកបានធ្លាក់ពីលើទូកហូររសាត់តាមទឹកបាត់ខ្លួនតែម្តង ។ បន្ទាប់មក កម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែត និងកងពលតូចថ្មើរជើងលេខ៥១ នៃក្រុមរុករកនិងសង្គ្រោះខេត្តចំនួន ១០ នាក់បាននាំគ្នារុករកជាច្រើនម៉ោង ទើបប្រទះឃើញសព ។
ករណីទី៣ នគរបាលរដ្ឋបាលឃុំស្រះជីក ស្រុកភ្នំស្រុក បានឱ្យដឹងថា នៅវេលាម៉ោង ៦និង៤០នាទីល្ងាចថ្ងៃទី ៣ ខែតុលា យុវជនម្នាក់ឈ្មោះ អឿន រិន ហៅ ម៉ាប់ អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់
ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅដាក់បង្កៃត្រីនៅចំណុចលូបួនជ្រុង ខាងកើតភូមិគោករំចេក ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ យុវជនរងគ្រោះ បានដាក់បង្កៃត្រីរួច ក៏ដើរមកលាងជើង លាងដៃនៅខាងមុខលូ ក៏រអិលជើងធ្លាក់ចូលទៅក្នុងលូទឹកកំពុងហូរខ្លាំងត្រូវទឹក
កូច បង្កអោយលង់ស្លាប់តែម្ដង៕
ដោយ៖ ស សម