ភ្នំពេញ ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
ដោយផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជម្រាបសាធារណជននិងអ្នកសារព័ត៌មានដូចតទៅ គណនីហ្វេសប៊ុកឈ្មោះ San Bora គឺជាគណនីក្លែងក្លាយ (Fake Account) បង្កើតឡើងដើម្បីប្រើប្រាស់ក្នុងគោលបំណងបង្ហោះ ផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើ អង្គភាពរបស់ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះ និងផ្សព្វផ្សាយខ្លឹមសារវា.យប្រ.ហារ របស់ខ្លួនរួចមក ម្ចាស់គណនីនេះបានបិទ និងឈប់ប្រើប្រាស់គណនីភ្លាមៗតែម្ដង។
យោងតាមសេចក្តីប្រកាសរបស់លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានគណនីយហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account បង្ហោះ និងផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ថាបានជួបជុំផឹកស៊ី ផ្ទុយនឹង វិធានការរបស់រាជរដ្ឋាភិបាល គឺជាអង្គភាពដែលទទួលបន្ទុកការពារឃ្លាំង និងដឹកជញ្ជូន សម្ភារបរិក្ខារ ស្បៀងអាហារ និងបរិក្ខាសុខាភិបាល ផ្គត់ផ្គង់ជូនទៅអង្គភាពនានានៅតាមបណ្ដារាជធានី-ខេត្ត និងជាកម្លាំងត្រៀមសម្រាប់ជួយបម្រើដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ផងដែរ ហើយកម្លាំងនគរបាលទាំងអស់នៃអង្គភាពនេះ តម្រូវឱ្យផ្លាស់ប្ដូរវេនប្រចាំការ និងរង់ចាំបញ្ជា ២៤/២៤ម៉ោង ក្នុងមួយសប្តាហ៍ នៅក្នុងអង្គភាព សម្រាប់ត្រៀមបំពេញបេសកម្មតាមការចាំបាច់។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានស្នើដល់បណ្តាញសារព័ត៌មាន បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមកុំធ្វើការវិភាគ និងវិនិច្ឆ័យលើព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ គ្មានមូលដ្ឋាន មានចរិតលក្ខណៈលំអៀង និងមាននិន្នាការវាយប្រហារមកលើស្ថាប័ន-អង្គភាពរបស់រាជរដ្ឋាភិបាល។ ការផ្សព្វផ្សាយ និងចែកផ្សាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ ព័ត៌មានមិនពិត គឺជាភាពអយុត្តិធម៌បំផុតចំពោះតួអង្គ ដែលជាកម្មវត្ថុត្រូវបានគេវាយប្រហារ និងអាចនាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ៕
ដោយ៖ ជ្រោយពេជ្រ