ភ្នំពេញ,នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា, នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោក ដាតូ អ៊ុរីវ៉ាន់ ពើហ៊ុន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ប្រទេសព្រុយណេដារ៉ូស្សាឡាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ និងកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣០ តាមប្រព័ន្ធវីដេអូ ។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (24″ APSC) កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈគ្នាលើការវិវត្តថ្មីៗនៃការងាររបស់ស្ថាប័នតាមវិស័យនៅក្នុង សសរស្តម្ភនយោបាយ និងសន្តិសុខ (APSC) និងបានស្វាគមន៍ចំពោះវឌ្ឍនភាពសំខាន់ៗដែល សម្រេចបាននៅក្នុងការអនុវត្តផែនការលម្អិត APSC ឆ្នាំ២០២៥ ទោះបីមានការរាំងស្ទះដោយជំងឺ កូវីដ-១៩ ក៏ដោយ។ កិច្ចប្រជុំបានឯកភាពដាក់របាយការណ៍របស់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង លើកទី៣៩ ដើម្បីធ្វើការកត់សម្គាល់។ ក្នុងដំណើរឆ្ពោះទៅមុខ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ អំពីសារៈសំខាន់ក្នុងការអនុវត្តការងារដែលនៅសេសសល់ ស្ថិតក្រោមផែនការលម្អិត APSC នេះ ដើម្បីធានាបាននូវដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយប្រសិទ្ធភាព។
រដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីបញ្ហានានាជាចំណាប់អារម្មណ៍ និងកង្វល់រួមគ្នា ដែល មានសារៈសំខាន់ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ រដ្ឋមន្ត្រីអាស៊ានបានអះអាង ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់អាស៊ាន ដើម្បីថែរក្សាឱ្យបានមជ្ឈភាព និងឯកភាពរបស់អាស៊ាន នៅក្នុងយន្តការនានា ដែលដឹកនាំដោយអាស៊ាន និងលើកកម្ពស់ជំនឿទុកចិត្តរវាងអាស៊ាន និងដៃគូខាងក្រៅ។ កិច្ចប្រជុំក៏បានឯកភាពគ្នាផងដែរធ្វើការលើកទឹកចិត្តឱ្យយុវជន-និងស្ត្រី, ចូលរួមកាន់តែទូលំទូលាយ នៅក្នុងការកសាងសន្តិភាព និងសន្តិសុខ។
លោក ឧបនាយករដ្ឋមន្ត្រី បានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត អបអរសាទរចំពោះវិឌ្ឍនភាពនានាដែលសម្រេចបាននៅក្នុងការអនុវត្តផែនការលម្អិត APSC។ លោក បានសម្តែងនូវក្តីបារម្ភថា ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច អាចនឹងជំរុញឱ្យមានការរត់ប្រណាំងសព្វាវុធ និងបង្កអស្ថិរភាពដល់សន្តិភាពក្នុងតំបន់។ ក្នុងន័យនេះ លោក បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការថែរក្សាឱ្យបាននូវគោលការណ៍នានារបស់អាស៊ានក្នុងការរក្សាបានតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងប្រាំ។ លោក បានជម្រាបជូនកិច្ចប្រជុំអំពីកម្មវិធី «មិត្តរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (Friends of ARMAC)” ដែលបានរៀបចំនាពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ ដើម្បីគាំទ្រដល់ សកម្មភាពនានារបស់មជ្ឈមណ្ឌលចំពោះទិដ្ឋភាពមនុស្សធម៌ក្នុងការបោសសម្អាតមីន។
លោក ក៏បានសម្តែងនូវ ការព្រួយបារម្ភអំពីសុវត្ថិភាពការងារ និងសុខុមាលភាព របស់ពលករចំណាកស្រុកដែលកំពុងតែធ្វើការ នៅក្នុងតំបន់ ហើយបានគូសបញ្ជាក់នូវការគាំទ របស់កម្ពុជាចំពោះអនុសាសន៍របស់វេទិកាអាស៊ាន ស្តីពីការងារពលករចំណាកស្រុកលើកទី១៤ (14″ AFML) ដើម្បីផ្ដល់ ការការពារផ្នែកសង្គមកិច្ចដល់ពលករចំណកស្រុក និងកៀងគរ ការគាំទ្រជាអន្តរជាតិសម្រាប់កម្មវិធីបណ្តុះបណ្តាលបន្ត និង ជំនាញថ្មី (upskill and reskill)។
កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ (30″ ACC) រដ្ឋមន្ត្រីការបរទេសអាស៊ានបានផ្លាស់ប្តូរទស្សនៈគ្នាលើគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ជាពិសេសក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន (ACRF) ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) និងការបម្រុងសម្ភារៈវេជ្ជសាស្ត្រសម្រាប់ភាពបន្ទាន់ផ្នែក សុខភាពសាធារណៈក្នុងតំបន់អាស៊ាន (ARRMS) ក្នុងចំណោមគំនិតផ្ដួចផ្ដើមផ្សេងៗទៀត។
រដ្ឋមន្ត្រីអាស៊ានបានឯកភាពដាក់ចេញនូវធនធានបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចបាននូវ ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីបានចែក រំលែកទស្សនៈអំពីតម្រូវការចាំបាច់ក្នុងការពន្លឿនកិច្ចការអាទិភាព ដូចជាការបើកឡើងវិញនៃការធ្វើ ដំណើរឆ្លងដែនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តនៅក្នុងតំបន់ ការបង្កើនការតភ្ជាប់ សេដ្ឋកិច្ច ឌីជីថល និងនវានុវត្តន៍។
រដ្ឋមន្ត្រីបានទទួលស្គាល់ថា ក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) និងការបម្រុងសម្ភារៈវេជ្ជសាស្ត្រសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈក្នុងតំបន់ អា ស៊ាន ( ARRMS) ពិតជាមានសារៈសំខាន់សម្រាប់ប្រែក្លាយតំបន់ឱ្យវិលត្រឡប់ទៅរក ប្រក្រតីភាពជាបណ្តើរៗឡើងវិញ និងដើម្បីបង្កើនការត្រៀមខ្លួនរបស់អាស៊ានសម្រាប់វិបត្តិសុខភាព ក្នុងតំបន់នាពេល អនាគត។ ក្នុងន័យនេះ រដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យគំនិតផ្តួចផ្តើមទាំងគឺតយកនះ ឆាប់មានដំណើរការ។
សូមអាននូវសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៤ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣០ នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ទាំងស្រុង៕
ដោយ, សុខ ខេមរា