ខេត្តព្រះសីហនុ: យ៉ាងហោចណាស់ក៏មានមនុស្សចំនួន០៥នាក់បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ខណៈព្យុះរលកសមុទ្រធំៗ វាយបក់ យ៉ាងខ្លាំងៗនោះ។
បើយោងតាមប្រជាពលរដ្ឋនៅលេងទីនោះបានអោយដឹងថា, ភ្លាមៗនោះមនុស្ស២នាក់ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា ។ ប៉ុន្តែក្មេងស្រីម្នាក់បានស្លាប់ ពេលលើកឡើងពីទឹក។ ហើយមនុស្ស៣នាក់ទៀតរកមិនទាន់ឃើញនៅឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង០៥នាក់ខាងលើនេះ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា, ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ចាប់ពីថ្ងៃទី៦-១២ ខែតុលា ឆ្នាំ២០២១ គឺ-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C – អាចនឹងមានពពកច្រើន មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ អាចនឹងមានពពកច្រើន ដេរដាស មានភ្លៀង ផ្គររន្ទះ ក្នុងកម្រិតមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន ដូចជា ៖ កោះកុង និងក្រុងព្រះសីហនុ ។ និងនៅថ្ងៃទី១០-១២ ខែតុលា និងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ជាមួយនិងរលកនៅលើផ្ទៃសមុទ្រ មានកម្ពស់ពីមធ្យមទៅខ្ពស់ ។
យោងសា្ថនភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការ ប្រុងប្រយ័ត្នខ្ពស់។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើងខ្លះ ហាក់ខ្វះយកចិត្តទុកដាក់ប្រុងប្រយ័ត្ន៕
ដោយ, សិលា