កម្លាំងងសមត្ថកិច្ចចម្រុះនិងអាជ្ញាធរមូលដ្ឋានចុះស្វែងរកសពក្មេងស្រីលង់ទឹកស្ទឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយលោកអភិបាល និងមានការចូលរួមពីកងកម្លាំងទាំង៣ប្រភេទ ក្នុងនោះមានលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកវរសេនីយ៍ឯកអធិការនគរបាលក្រុងសិរីសោភ័ណ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងកម្លាំងចម្រុះជាច្រើននាក់ទៀតបាននាំគ្នារុករកសពក្មេងស្រីជំទង់ម្នាក់ដែលបានលង់ទឹកស្ទឹងក្នុងចំណោមក្មេងស្រី៤នាក់ទៀតបាននាំគ្នាទៅលេងទឹកត្រូវទឹកហូរកួចយកទៅបាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងលិចសាលាឆាន់ កន្លែងចាក់ដីថ្មី ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ រ៉េត សុខនាង ភេទស្រី អាយុ១១ឆ្នាំ មានឪពុកឈ្មោះ រ៉េត សាវុធ ជាកម្មករ សព្វថ្ងៃធ្វើការនៅប្រទេសថៃនិងម្តាយឈ្មោះ ភាច សុភាព កើតជំងឺកូវីដ-១៩ កំពុងព្យាបាលនៅមណ្ឌលចត្តាឡីស័កចំការតាដោក ស្រុកមង្គលបុរី ។ សពក្មេងស្រីរស់នៅជាមួយជីដូន ឈ្មោះម៉ៅ ខន អាយុ៦០ឆ្នាំ និងជីតាឈ្មោះ មាឃ សុខុម អាយុ៦៥ឆ្នាំ រស់នៅក្រោយវត្តស្វាយចាស់ ហៅវត្តចមសុទ្ធាវាស ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកអភិបាលក្រុងបានឱ្យដឹងបន្តទៀតថា៖ តាមការអះអាងរបស់ពួកក្មេងដែលទៅលេងទឹកជាមួយបាននិយាយថា នៅវេលាម៉ោង៣រសៀលនោះក្រុមខ្លួននិងក្មេងស្រីរងគ្រោះមានគ្នា៥នាក់សុទ្ធតែស្រីអាយុជាង១០ឆ្នាំទាំងអស់ បាននាំគ្នាទៅលេងទឹកនៅចំណុចចាក់ដីថ្មី។
មុននឹងបាត់ខ្លួនម្នាក់ ពួកគេទាំង៥នាក់បានកាន់ដៃគ្នាបណ្តែតខ្លួនមកកំពង់ងូតទឹករបស់ព្រះសង្ឈជាប់មាត់ស្ទឹងដែលមានចម្ងាយពីកន្លែងចាក់ដីថ្មីដែលពួកគេលេងនោះប្រហែល៥០ម៉ែត្រ ហើយមានទឹកហូរកួចយ៉ាងខ្លាំង។ ពេលបណ្តែតខ្លួនមិនទាន់ដល់កំពង់ទឹកផង ក្មេងស្រីរងគ្រោះដែលបាត់ខ្លួននោះអស់ដៃ អស់ជើងក៏លែងដៃគ្នាហែលឡើងលើគោករៀងៗខ្លួនបាន៤នាក់ ចំណែកក្មេងស្រីឈ្មោះ រ៉េត សុខនាងទឹកកួចយកទៅបាត់។
ក្រោយពីទទួលបានព័ត៌មាននេះរូបលោកបានចុះមកពិនិត្យមើលនិងមានការចូលរួមពីកងកម្លាំងទាំង០៣ប្រភេទមកចូលរួមរុករកសពដោយប្រើប្រាស់កាណូតមានម៉ាស៊ីនជាច្រើនគ្រឿង។ រហូតមកទល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៣រសៀល ទើបកម្លាំងចម្រុះបានរកសពឃើញអណ្តែតនៅក្នុងភូមិចក សង្កាត់ព្រះពន្លា ចម្ងាយពីកន្លែងកើតហេតុប្រហែល០៣គីឡូម៉ែត្រ។សពក្រោយពីរកឃើញនិងពិនិត្យរួចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ: វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print