ខេត្តបាត់ដំបង៖ តាមរបាយការណ៍របស់មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង២០នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្រ្កាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី
ស្ថិតនៅចំណុចក្រុមទី២២ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងបទល្មើសជាក់ស្តែង គឺ១-ឈ្មោះជួង ឆូយហាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ២-ឈ្មោះគុយ សុងហួរហៅដួង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៣ថង់សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE (ទម្ងន់៦៩.១៣ក្រាមទាំងសម្បក), ថ្នាំគ្រាប់ពណ៌ក្រហមរាងមូលសំប៉ែតមានត្រាអក្សរWY ចំនួន៧៧៣គ្រាប់សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា (ទម្ងន់៧៩.៩៣ក្រាមទាំងសម្បក), ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង, សៀវភៅបញ្ជីទិញលក់ថ្នាំញៀនចំនួន០១ក្បាល , ម៉ូតូ២គ្រឿង ម៉ាកហុងដាឃ្លឹក ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1AM-1611, ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1Q-3238 , សម្ភារសម្រាប់ច្រករំលែកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
នៅពេលសាកសួររួច សមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដេីម្បីអនុវត្តតាមផ្លូវច្បាប់៕
ដោយស សារ៉េត