ភ្នំពេញ, លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, កម្ពុជារីកចម្រើននិងកាន់តែរឹងមាំមកទល់ពេលនេះ ព្រោះយើងមានមេដឹកនាំល្អ មានសមត្ថភាពប្រកបដោយគុណធម៌ និងការលះបង់ខ្ពស់ចំពោះសុខទុក្ខអាយុជីវិតប្រជាពលរដ្ឋ។ លោកបន្តថា, ចំពោះខ្ញុំ មិនឃើញមាននរណាដែលមានសមត្ថភាពដឹកនាំគ្រប់គ្រងប្រទេសខ្លាំងរឹងមាំដូចសម្តេចតេជោនៅឡើយទេ។ ចំពោះអ្នកដែលមានសញ្ជាតិ២ក៏មិនមែនអូតូម៉ាតិក (Automatic) ត្រូវតែឆ្លាតជាងអ្នកមានសញ្ជាតិតែ១ដែរ។
លោកថ្លែងទៀតថា, ពិតណាស់ យើងមិនអាចប្រថុយយកឱកាសមាសនៃពេលវេលាសន្តិភាពសព្វថ្ងៃដែលរកបានដោយលំបាកបំផុតនេះទៅប្រថុយលេងសើចបានឡើយ។
លោក ដួង តារា បញ្ជាក់ថា, ខ្ញុំក៏គ្មានជំនឿលើមនុស្សអួតអាងមួយចំនួនរស់នៅប្រទេសក្រៅថាខ្លួននោះចេះដឹងពូកែជាងគេដែរ។
លោកបន្តថា, ខ្ញុំពិតជាអរគុណ និងរីករាយដែលមានឱកាសបានចូលរួមជួយការងារសម្តេចតេជោ បម្រើដោះស្រាយបញ្ហាវិវាទផ្សេងៗជួយប្រជាពលរដ្ឋ។ បុគ្គលដែលបានប្រព្រឹត្តអំពើខិលខូចធ្វើបាបប្រជាពលរដ្ឋគឺជាការទទួលខុសត្រូវរបស់បុគ្គលនោះផ្ទាល់ មិនមែនសម្តេចតេជោឱ្យអ្នកនោះធ្វើឡើយ។ ដូចចំពោះខ្លួនខ្ញុំស្រាប់ គឺសម្តេចលោកតែងដាស់តឿនណែនាំប្រៀនប្រដៅឱ្យធ្វើតែអំពើល្អជួយប្រជាពលរដ្ឋ។ ដូច្នេះ ខ្ញុំនៅតែគាំទ្រ សម្តេចតេជោ បន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរុងរឿងទៅមុខទៀត ៕
ដោយ, សិលា