ជនសង្ស័យម្នាក់ហែកជញ្ជាំងរបងស័ង្កសីចូលលួចទ្រព្យសម្បត្តិ​ក្នុងហាង8888​ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល​ជេីងឯក​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានធ្វេីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ (ហែកជញ្ជាំងរបងស័ង្កសីចូលលួចទ្រព្យសម្បត្តិ) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ ត្រង់ចំណុចភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ អ៊ុន ចិត្តា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ តាំង លី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ១-ម៉ាសុីនបោកខោអាវចំនួន០១គ្រឿង, ២-តុឈើចំនួន០៤, ៣-កៅអីឈើចំនួន០៩, ៤-ធុងទឹកកក(ធំ)ចំនួន០១, ៥-ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រគ្មានស្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅលាយក្រហមចំនួន០១គ្រឿង ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ជើងឯកដល់ចំណុចផ្លូវលំ ខាងមុខភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ តាំង លី ភេទប្រុស អាយុ៣៧ឆ្នាំ កំពុងបើកម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅលាយក្រហមដឹកវត្ថុតាងខាងលេី​តាមដងផ្លូវ​។ ពេលឃើញដូចនេះកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យរួមនិឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។

​ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានលួចដឹកសម្ភារខាងលើចេញពីភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ដើម្បីយកទៅលក់ប្រាកដមែន ហើយសមត្ថកិច្ចយើងក៏បានទាក់ទងទៅជនរងគ្រោះដែលជាអ្នកមើលការខុសត្រូវនៅក្នុងភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ។​ បន្ទាប់មកនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានមកមើលសម្ភារដែលសមត្ថកិច្ចយើងដកហូតពីជនសង្ស័យ រួចបានអះអាងថា សម្ភារដែលសមត្ថកិច្ចដកហូតបានទាំងអស់នោះ គឺជាសម្ភារនៅក្នុងហាងរបស់ជនរងគ្រោះ ហើយសមត្ថកិច្ចក៏បានទៅពិនិត្យមើលកន្លែងកើតហេតុ ឃើញមានស្នាមជនសង្ស័យគាស់ទម្លាយជញ្ជាំងរបងស័ង្កសី ចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print