គ្រាប់បាល់១គ្រាប់របស់កីឡាករ Nicolo Barella និងការទាត់បាល់ប៉េណាល់ទីដោយកីឡាករ Domenico Berardi ធ្វើឱ្យម្ចាស់ផ្ទះអុីតាលីទទួលជ័យជម្នះ ២-១ លើក្រុមបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ និងទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ Nations League ឆ្នាំនេះ។
ការឈ្នះនេះបានផ្តល់ការលួងលោមខ្លះដល់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបអុីតាលីដែលការប្រកួតចាញ់អេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ខ្លួននៅទីក្រុងMilan ប្រទេសអុីតាលីកាលពីថ្ងៃពុធបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់៣៧ប្រកួតរបស់ពួកគេ។
ការប្រកួតក្នុងតង់ទី២ ចាប់ផ្តើមមិនទាន់បាន១នាទីស្រួលបួលផង កីឡាករBarella បានវាយបកបាល់ជ្រុងយ៉ាងស្អាតចូលទី១គ្រាប់នាំមុខនៅនាទីទី៤៦។ ចំណែកកីឡាករ Berardi បានបន្ថែមគ្រាប់ទី២នៅនាទីទី៦៥បន្ទាប់ពី Timothy Castagne បានទាល់ប៉ះជើងកីឡាករ Federico Chiesa នៅក្នុងទីតាំងបាល់ប៉េណាល់ទី ធ្វើឲ្យក្រុមអុីតាលីនាំមុខក្រុមបែលហ្ស៊ិក២ទល់០។ ជិតដល់ម៉ោងបញ្ចប់ការប្រកួតទៅហើយក្រុមបែលហ្ស៊ិករកបាន១គ្រាប់សងវិញនៅនាទីទី៨៦នៅពេលដែលកីឡាករបម្រុង Charles De Ketelaere ស៊ុតបាល់បញ្ចូលទី។
ជាមួយគ្នានោះក្រុមបែលហ្ស៊ិកគឺគ្មានកីឡាករសំខាន់២រូបទេ ដូចជាEden Hazard និង Romelu Lukaku ហើយបានត្រឹមតែដាក់ខ្សែបម្រើKevin De Bruyne នៅពាក់កណ្តាលតង់ទី២។
គ្រូបង្វឹកក្រុមជម្រើសជាតិអុីតាលីលោក Roberto Mancini បាននិយាយក្រោយការប្រកួតថា “ថ្ងៃនេះយើងលេងបានល្អយើងពិតជាអស្ចារ្យ។ យើងមានដំណោះស្រាយ និងគុណភាពខុសគ្នានៅតំបន់បម្រើ ពួកគេធ្វើបានល្អ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)