ក្រុមជើងឯកពិភពលោកមាន់គកបារាំងបានឈ្នះពានរង្វាន់ Nations League ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Karim Benzemaនិង Kylian Mbappe ម្នាក់១គ្រាប់រកបានជ័យជម្នះលើក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន San Siro ប្រទេសអុីតាលីកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះ។
ក្រុមរបស់លោក Didier Deschamps បានព្យាយាមដណ្តើមបានជ័យជម្នះនៅក្នុងការប្រកួតនេះនៅក្នុងតង់ទី១ដែលត្រូវបានគ្រប់គ្រងបានច្រើនដោយក្រុមអេស្ប៉ាញ ប៉ុន្តែការប្រកួតក្នុងតង់ទី១ មិនមានគ្រាប់បាល់បញ្ចូលទីនោះទេ។ ចូលដល់ការប្រកួតក្នុងតង់ទី២ កីឡាករ Mikel Oyarzabal របស់អេស្ប៉ាញធ្វើបានល្អដោយរកបាន១គ្រាប់នាំមុខក្រុមបារាំងនៅនាទីទី៦៤។
ប៉ុន្តែមិនបាន២នាទីស្រួលបួលផងដោយសារ Paul Pogba ល្អនៅតំបន់កណ្តាលដែលមានល្បឿនលឿន និងចលនារបស់ខ្សែប្រយុទ្ធ Mbappe បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធBenzema រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៦៦។ ចូលដល់នាទីទី៨០ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះរបស់បារាំងពីការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Hernandezធ្វើឲ្យលទ្ធផលប្រែប្រួលបារាំងនាំមុខ២ទល់១ រហូតដល់ចប់ការប្រកួត។
ជ័យជម្នះនេះគឺជាជោគជ័យមួយទៀតរបស់ក្រុមជម្រើសជាតិបារាំងដែលបានគ្រងជើងឯកពិភពលោក ហើយទទួលបានពានរង្វាន់ National League មួយទៀតនៅឆ្នាំនេះ។ ក្រុមបារាំងបានផ្តួលក្រុមបែលហ្ស៊ិកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល៣ទល់២ ខណៈដែលក្រុមអេស្ប៉ាញបានផ្តួលជើងឯកយូរ៉ូអុីតាលីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ក្នុងលទ្ធផល២ទល់១ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)