ខេត្តព្រះវិហារ៖ បេីយោងតាមប្រភពព័ត៍មានពីហ្វេសប៊ុកផ្លូវការរបស់អង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃចន្ទទី១១ ខែតុលា ឆ្នាំ២០២១នេះថា៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការជាមួយមន្រ្តីជំនាញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ បានចុះរុករកនៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ក៏ប្រទះឃើញគំនរឈើចំនួន០១កន្លែងដែលក្រុមឈ្មួញបានដឹកជញ្ជូនមកពីក្នុងព្រៃ កម្លាំងបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្ដុះកូនឈើឆែប ដោយមានឈើលេខ២ឈើទាលចំនួន៥,២៨៧ ម៉ែត្រត្រីគុណ។
ប្រភពដដែល បន្តថា ជាមួយគ្នានេះនៅថ្ងៃដដែលកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ធ្វើការឃាត់រថយន្ត ០១គ្រឿងម៉ាកកូរ៉េ ស្លាកលេខភ្នំពេញ៣A.៨៦១៨ ដឹកជញ្ជូនផល អនុផលព្រៃឈើកែច្នៃគ្មានលិខិតអនុញ្ញាតិ នៅចំណុចលើដងផ្លូវជាតិលេខ៦៤ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
សូមបញ្ជាក់ថាម្ចាស់ឈ្មោះ ឌី សុខយ៉ាត ភេទស្រី អាយុ៤៣ ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិ.ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីរកឃើញនោះ កម្លាំងជំនាញបានចាប់យកសាឡុងវែងចំនួន ០២,ទ្វារចំនួន ១០វង់, គ្រោងទ្វារចំនួន១០វង់, ក្តាចំនួន ០,០៩៦ម៉, រថយន្តកូរ៉េចំនួន០១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ បានប្រគល់ជូនការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដើម្បីអនុវត្តនីតិវិធីបន្ត៕
ដោយ៖សហការី