ភ្នំពេញ ៖ រថយន្តToyota Prius ពាក់ស្លាកលេខខេមរះភូមិន្ទមួយគ្រឿង បានបុកជាមួយរថយន្តToyota Priusមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតមួយកំណាត់មុខដូចគ្នា តែមិនធ្វេីឲ្យមនុស្សរងរបួសឬស្លាប់ឡេីយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ អង្គារិ៍ ទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៦១កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកToyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខេមរភូមិន្ទ 02 ,2-1249 បានធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនហេីយជ្រុលទៅបុករថយន្តToyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-7276 មួយគ្រឿងទៀតបើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតចំផ្នែកខាងមុខពេញទំហឹង បណ្ដាលឲ្យការខូចខាតយ៉ាងដំណំទាំងសងខាង ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានទុករថយន្តចោលឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំឲ្យភាគីទាំងពីរចូលខ្លួនមកដោះស្រាយគ្នានាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ