ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី ព្រមទាំងប្រតិភូក្រុមការងារបាននាំយកទៀនវស្សា ទេយ្យទាន ព្រមទាំងបច្ច័យ ក៏ដូចជាគ្រឿងឧបភោគ បរិភោគទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តប្រាសាទគោកបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណា ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ទៀនវស្សា ទេយ្យទាននិងគ្រឿងឧបភោគបរិភោគដែលលោករដ្ឋមន្ត្រីបានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តប្រាសាទគោកបេង រួមមានអង្ករ មី ទឹកបរិសុទ្ធ ប្រេងម៉ាស៊ុត ទឹកត្រី ទឹកស៊ីអីវ និងថវិកាមួយចំនួនទៀត។ បន្ទាប់ពីលោករដ្ឋមន្ត្រីបានប្រគេនទៀនវស្សាដល់វត្តខាងលើនេះរួច លោករដ្ឋមន្ត្រីក៏បានបន្តដំណើរបេសកកម្មចុះពិនិត្យមើលស្ថានភាពទឹកសម្រាប់ជាមធ្យោបាយបង្កបង្កើនផលរបស់ប្រជាកសិករ នៅក្នុងខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត ។ គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោករដ្ឋមន្ត្រីបានចុះពិនិត្យដោយផ្ទាល់ទៅលើការអន្តរាគមន៍ប៉ុមទឹកសង្គ្រោះស្រូវវស្សាជូនប្រជាពលរដ្ឋដែលក្រុមការងារតាមបណ្តាមន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្តកំពុងចុះអន្តរាគមន៍នោះ ៕ សុខ ខេមរ៉ា
លោករដ្ឋមន្ត្រីលឹម គានហោ នាំយកទៀនវស្សានិងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តប្រាសាទគោកបេង
...