ប្រទេសថៃ៖ តាមរបាយការណ៍ពី
ប្រទេសថៃបានឱ្យដឹងថា កាលពីវេលាម៉ោង៣និង១៤នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កម្លាំងទាហានការពារព្រំដែនរបស់ថៃ បានធ្វើការរឹតបន្តឹងជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសរបស់គេ និងការនាំទំនិញខុសច្បាប់ចេញ-ចូល ក្នុងបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងពេលស្ថានការណ៍កូវីដ-១៩កំពុងរាតត្បាត ដោយកម្លាំងទាហានប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូផា សហការជាមួយកងរយទី៤, នគរបាលល្បាតព្រំដែនទី១២ បានចេញល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក៏បានប្រទះឃើញនិងចាប់ខ្លួនក្រុមជនជាតិថៃចំនួន៧នាក់ ក្នុងនោះមានប្រុស២នាក់ស្រី៥នាក់ និងស្រ្តីជនជាតិមីយ៉ាន់ម៉ាម្នាក់ ខណៈកំពុងព្យាយាមលួចចេញពីប្រទេសថៃដោយខុសច្បាប់នៅបរិវេណភូមិណងយ៉ាកែវ ស្រុកគោកឃ្យូង ខេត្តស្រះកែវ។
របាយការណ៍ដដែលឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៤និង២៣នាទី កម្លាំងសមត្ថកិច្ចរបស់ថៃបានចាប់ខ្លួនជនជាតិថៃ៩នាក់ថែមទៀត ក្នុងនោះមានប្រុស៦នាក់និងស្រី៣នាក់នៅបរិវេណដដែល ដែលក្រោយពីធ្វើការសួរនាំរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិថៃទាំងអស់ខាងលើត្រូវធ្វើដំណើរទៅធ្វើការនៅកាស៊ីណូអនឡាញក្នុងប្រទេសកម្ពុជា ដោយប្រើច្រករបៀងបរិវេណព្រំដែនកម្ពុជា-ថៃ ទើបសមត្ថកិច្ចថៃឃុំខ្លួនជនសង្ស័យទាំងអស់បញ្ជូនទៅឱ្យជំនាញស្រុកគោកឃ្យូងដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ៖ វណ្ណា