ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមរបាយការណ៍របស់មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្ត្រីក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យបានរកឃេីញ និងស្ទាក់ចាប់បានទឹកដោះគោស្រស់ ផលិតផលពីទឹកដោះគោ និងនំ ចំនួន ២តោន និង ៦៥៥.៦២គីឡូក្រាម កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ។
ប្រភពដដែល បន្តថា ក្រោយពីបានរកឃេីញដូចនេះ មន្ត្រីជំនាញបានធ្វេីការដកហូតដេីម្បីកម្ទេចចោលភ្លាមៗ ជៀសវាងឈ្មួញឆ្លៀតឱកាសដាក់ចរាចរផលិតផលទាំងនេះនៅលេីទីផ្សារដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ មន្ត្រីសាខា ក.ប.ប. ប្រចាំនៅខេត្តចំនួន៤ ក្នុងនោះមានខេត្តរតនគិរី ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៧ទីតាំង មិនមានអនុលោមភាពតាមបទប្បញ្ញត្តិច្បាប់ ។
ក្រោយពីបានចុះប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈសរុបចំនួន ៣២ទីតាំង ស្ថិតក្នុងភូមិសាស្រ្ត ក្រុងបានលុង ស្រុកសូទ្រនិគម ស្រុកអង្គរជុំ ស្រុកថ្មគោល ស្រុកបវេល និងស្រុកជើងព្រៃ នាថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
គួរបញ្ជាក់ថា សម្រាប់ស្ថានីយ និងដេប៉ូដែលប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិខាងលើ ត្រូវបានមន្ត្រីជំនាញធ្វើការណែនាំ និងពិន័យតាមនីតិវិធី៕
ដោយ៖ស តារា