ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចូលទៅ comment នៅក្នុងហ្វេសបុករបស់លោក ចិត្រា ដែលជាម្ចាស់គណនី “ចិត្រា អង្គុល្លីមារ កែវ” ដោយបានអរគុណដល់លោកចិត្រាដែលបានជួយពន្យល់ដល់បងប្អូនដែលមានសញ្ជាតិ២ឬច្រើន គឺនៅតែមានលទ្ធភាពជួយជាតិនិងប្រជាជនកម្ពុជាតទៅទៀតបើទោះបីជារដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មហើយក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តបញ្ជាក់តាមរយៈ Comment នៅរាត្រីថ្ងៃទី១៣ ខែតុលនេះទៀតថា «មនុស្សតែ៤នាក់ប៉ុណ្ណោះដែលជាប់បំរាមក្រោយរដ្ឋធម្មនុញធ្វើវិសោធនកម្ម។ បំរាមសម្រាប់មនុស្ស៤នាក់នេះគឺសំដៅធានាថាពួកគាត់មានការស្មោះត្រង់ចំពោះជាតិមិនរត់ចោលប្រជាជន ព្រមទាំងបញ្ចៀសការជ្រៀតជ្រែកពីបរទេសតាមរយៈសញ្ជាតិ។ ខ្ញុំកំពុងតែចង់ពន្យល់បងប្អូនដែលមានសញ្ជាតិ២ឬច្រើនផង បែរជាមានគេយកសំណើររបស់ខ្ញុំទៅផ្សាយឱយទៀតប្រៀបដូចដើររកអុសប្រទះឈើងាប់ទៅចុះ»។ ជាមួយគ្នានោះសម្តេចតេជោបានលើកឡើងនូវសុភាសិតខ្មែរមួយថា «បើចេះត្រូវធ្វើចេះឱយគេកោត តែបើឆោតត្រូវឆោតឱយគេអាណិត»។
ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុង Comment របស់ម្ចាស់គណនីហ្វេសបុកឈ្មោះ “ចិត្រា អង្គុល្លីមារ កែវ” ដោយលោកចិត្រា បាននិយាយថា លោក សម រង្ស៉ី បានចូលទៅលួចយកការសរសេររបស់សម្តេចតេជោ ឆ្លើយតបក្នុងហ្វេសបុករបស់លោកចិត្រា រួចយកទៅផុសក្នុងហ្វេសបុករបស់ខ្លួន (សម រង្សី) ពាក់ព័ន្ធការពន្យល់របស់សម្តេចតេជោអំពីដំណើរការនៃវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលកំណត់អំពីសញ្ញាតិតែមួយសម្រាប់ថ្នាក់ដឹកនាំក្នុងឋានៈនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ចិត្រា បានបង្ហោះក្នុងហ្វេសបុករបស់គាត់ថា «លោកប្រធានបានចូលមកលួចយកសំណេរសម្ដេចពូដែលសរសេរនៅក្នុង ហ្វេសបុកខ្ញុំ ទៅផូសក្នុងផេកគាត់ ហើយបាននិយាយថាជាសំណេរសម្ដេចពូ សរសេរក្នុងផេករបស់សម្តេចពូ អញ្ចឹងលោកប៉ាធានចង់ចោទថាហ្វេសបុករបស់ខ្ញុំជាហ្វេសបុករបស់សម្ដេចពូឬអី? លោកប៉ាធានចង់ធ្វើបាបខ្ញុំហើយតើទាន»។
កន្លងមកសម្តេចតេជោ ក៏ធ្លាប់បានលើកឡើងដែរថា «រដ្ឋធម្មនុញក្រោយធ្វើវិសោធនកម្មនៅបានរក្សាទ្វារចំហរសម្រាប់បងប្អូនដែលមានសញ្ជាតិ២ឬច្រើនមកធ្វើការងារ ក្រៅពីតំណែងទាំង៤ខាងលើ ដូចនេះបងប្អូនដែលមានសញ្ជាតិច្រើនគ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គលដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេសតំណែងជានាយករដ្ឋមន្ត្រីដែលគេចង់បានជាង ២០ឆ្នាំមកហើយ តែគេមិនអាចទទួលបានដោយសារក្បាច់ទាត់គេបាក់ជើងខ្លួនឯងនាពេលកន្លងមក ពិសេសប្រើក្បាច់ពិសេសចុងក្រោយនេះគឺក្បាច់ Good bye prime minister!»៕
ដោយ, សុខ ខេមរា