ភ្នំពញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី បំផ្លាញសម្ភារៈអស់មួយចំនួន ផ្អើលដល់សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីអន្តរាគមន៍។
ហេតុការណ៍អគ្គិភ័យនេះកើតឡើង នៅវេលាម៉ោង ៩ និង ៤៥នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះជួល តាមបណ្តោយមហាវិថីព្រះនរោត្តម ក្រុម៦៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មូលនៃការឆាបឆេះនេះហេតុ ដោយសារឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះបន្ទប់ខាងក្រោយ យ៉ាងសន្ធោសន្ធៅ ដោយប្រជាពលរដ្ឋគ្រប់គ្រងស្ថានភាពភ្លើងឆេះមិនបាន ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿង និងរថយន្តជំនួយផ្សេងៗទៀត បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បញ្ជាក់ថា ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ ផ្ទះថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងខូចខាតសម្ភារៈប្រេីប្រាស់អស់មួយចំនួន ក្នុងហេតុការណ៍នេះដែរ ពុំបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សូមជម្រាបថា ក្នុងប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង តែពុំបានប្រើប្រាស់ទេ ដោយសារអគ្គិភ័យបានរលត់ទៅនៅវេលាម៉ោង ១០និង០០នាទីព្រឹកនាថ្ងៃដដែល៕ ដោយ រ៉ារ៉ា