ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបដឹកទំនិញមួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ជ្រុលបុករថយន្តដែលកំពុងបេីកបរខាងមុខចំនួន៣គ្រឿង ម៉ូតូ២គ្រឿង រួមទាំងកង់បី១គ្រឿងទៀតបណ្តាលឱ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើង
កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក កូរ៉េឃ្លប់ ម៉ាកហុីយ៉ាន់ដាយ ពណ៌-ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-5920 បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតជាព្រូ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ហ្វ្រ័ងមិនជាប់ ក៏ជ្រុលបុករថយន្តម៉ាក 4Runner ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2M 8630រុញបន្តបុកម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-0634 ជិះដោយបុរស២នាក់ រងរបួសធ្ងន់ធ្ងរ ដាច់ដៃ និងម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CE-6511 ជិះដោយនារី២នាក់ រងរបួសស្រាល ហើយរថយន្តបន្តទៅបុក រថយន្តសុីទែនដឹកប្រេង ម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3D-9054 រុញផ្ទប់បុកម៉ូតូកង់បី ពណ៌-ស ពាក់ផ្លាកលេខ ភ្នំពេញ 1HQ-5859 និងបន្តរុញបុកផ្ទប់ រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2AF-6274 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរខាងលើ បណ្តាលឲ្យរថយន្តចំនួន៤គ្រឿង ម៉ូតូចំនួន២គ្រឿង ម៉ូតូកង់បី១គ្រឿង សរុបចំនួន០៧គ្រឿង ទទួលរងខូចខាត និងបង្កបុរស២នាក់រងរបួសធ្ងន់ធ្ងរ នារី២នាក់រងរបួសស្រាល រីឯអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ជនរងគ្រោះរបួសធ្ងន់ចំនួន២នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងសម្រួលចរាចរណ៍ បន្ទាប់មកភាគីខាងរថយន្តសាំយ៉ុងនិងរថយន្ត 4Runner រួមទាំងកង់បីមួយទៀតសុំបញ្ចប់រឿងដោយយកទៅជួសជុលខ្លួនឯងចំណែករថយន្តបង្កនិងរថយន្តស៊ីទែនដឹកប្រេងរួមទាំងម៉ូតូ២គ្រឿងទៀត ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងរួច រួមទាំងជនបើកបររថយន្តបង្កផង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖សុខាសែនជ័យ